ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិនិងប្រជាជន
តាកែវ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវនាពេលនេះថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិនិងប្រជាជន ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថាកម្ពុជាកំពុងតែបោះជំហានទៅមុខក្នុងសម័យកាលសុខសន្តិភាពបន្ទាប់ពីបានឆ្លងកាត់នូវសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលបានបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហើយបច្ចុប្បន្នកំពុងតែបំពេញនូវអ្វីដែលបានបាត់បង់ទាំងនោះឡើងវិញនិងធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា សម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងក្លាយជាបិតាសហសម័យកម្ពុជាក្នុងការរៀបចំប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរ ហើយការជួបជុំគ្នានាពេលនេះគឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលយើងទាំងអស់គ្នាមានបំណងចង់ឃើញអនាគតនៃប្រទេសកម្ពុជាកាន់តែល្អប្រសើរនិងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយនេះ ឯកឧត្តម បានលើកឡើងអំពីការងារចំនួន ៦ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ការដោះស្រាយបញ្ហាជម្លោះដីធ្លីទទួលបានជោគជ័យជាច្រើនករណីដោយនៅសេសសល់តិចតួចប៉ុណ្ណោះកំពុងរងចាំការដោះស្រាយបញ្ចប់, ការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋនិងវិស័យឯកជនដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥ រាជធានីខេត្តទូទាំងប្រទេស, រីឯនៅខេត្តសៀមរាប គឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា, ចំពោះបឹងទន្លេសាប គឺបានប្រកាន់យកគោលជំហរជាក់លាក់ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាបពីព្រោះបឹងទន្លេសាបនិងទន្លេមេគង្គឲ្យផលដល់ប្រទេសជាតិនិងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ, ចំពោះបញ្ហាបុរី គឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជននិងម្ចាស់បុរី បានជាច្រើនករណីនិងនៅសល់តិចតួចប៉ុណ្ណោះដែលរងចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។
ឯកឧត្តម បញ្ជាក់ថានេះគឺជាដំណើរដ៏ត្រឹមត្រូវរបស់យើងទាំងអស់គ្នាហើយធ្វើយ៉ាងណាត្រូវបន្តវិនិយោគនូវអភិបាលកិច្ចល្អសម្រាប់ទីក្រុងប្រកបដោយចីរភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុង ស្រុក ឃុំ ភូមិនៃខេត្តតាកែវ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា មានសុខភាពល្អ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា មានលំនៅដ្ឋានរស់នៅសមរម្យនិងមានជីវភាពល្អប្រសើរ។
ឯកឧត្តម សាយ សំអាល់ បានបំផុសគំនិតណែនាំដល់អាជ្ញាធរក្រុងដូនកែវឱ្យរៀបចំក្រុងនេះកាន់តែមានសោភណភាពថែមទៀតដូចជាការកសាងសួនច្បារសាធារណៈសម្រាប់ប្រជាពលរដ្ឋជិះកង់ឬថ្មើជើងសម្រាប់លំហែនិងលំហាត់ប្រាណដើម្បីសុខភាព ការសាងសង់លំនៅឋានរៀបរយ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រៀបចំផ្ទះសម្បែងសម្រាប់ក្រុង អនាម័យទឹក កាកសំណល់ មធ្យោបាយធ្វើដំណើរនិងកំណើនសេដ្ឋកិច្ចសំរាប់ទីក្រុង សន្តិសុខ សុវត្ថិភាពនិងការអប់រំឱ្យប្រជាពលរដ្ឋមានសីលធម៌រស់នៅនិងចរិយាមារយាទល្អចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមកដើម្បីជួយជំរុញដល់ការលុបបំបាត់អំពើហឹង្សា, ការប្រើប្រាស់គ្រឿងញៀនឬក្មេងទំនើងជាដើម៕









