ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំផុសគំនិតដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និស្សិតនៃប៊ែលធីគ្រុប ឱ្យសម្រេចចិត្តបានច្បាស់លាស់ត្រឹមត្រូវក្នុងដំណើររបស់ខ្លួនពីព្រោះដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិផងដែរ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងប៊ែលធីគ្រុបដែលបានចាប់អារម្មណ៍នូវអ្វីដែលក្រសួងកំពុងតែអនុវត្តនិងស្នើសុំឱ្យមានការចែករំលែកចំណេះដឹង បទពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងសិស្ស និស្សិតទាំងអស់នាពេលនេះ។
ថ្លែងក្នុងពេលធ្វើបាឋកថាចែករំលែក “ចំណេះដឹង និងវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ជូនគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកត់សម្គាល់ថា ទាំងអស់គ្នាបានធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងខ្សែជីវិតរបស់ខ្លួន គឺការសម្រេចចិត្តមកសាលារៀន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាដែលជាចំណងចំណូលចិត្តរបស់ខ្លួន ប៉ុន្តែមិនប្រាកដថាការជ្រើសរើសនេះគឺត្រឹមត្រូវ១០០%នោះទេ នោះហើយគឺជាដំណើរនៃការស្វែងយល់និងការស្គាល់ខ្លួនឯង ហើយនេះគឺជាដំណើរការកសាងជីវិតរបស់ខ្លួនក្រោមការសម្រេចចិត្តដ៏ច្បាស់លាស់។ នៅចំពោះមុខ កត្តាសំខាន់គឺសាកលវិទ្យាល័យប៊ែលធីត្រូវសម្របខ្លួនយ៉ាងដូចម្ដេចឱ្យស្របតាមបរិបទរបស់កម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាងប្រទេសជាតិមួយប្រៀបបីដូចទៅនឹងការកសាងគ្រួសារមួយដូច្នោះដែរ ប្រសិនបើការកសាងគ្រួសារបានត្រឹមត្រូវប្រកបដោយសុភមង្គល កូនចៅទទួលបានការអប់រំរៀនសូត្រមានការងារធ្វើសមរម្យ នោះប្រទេសជាតិប្រាកដជាមានភាពសុខសាន្ត ហើយរាល់ជំហានដែលត្រូវបោះទៅមុខប្រាកដជាមានភាពត្រឹមត្រូវនិងអាចបន្តនិរន្តរភាពនៃសង្គមជាតិតទៅមុខទៀត។ផ្ដើមចេញពីការសម្រេចចិត្តត្រឹមត្រូវទាំងអស់គ្នា ដំណើររបស់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសិស្សនិស្សិតទាំងអស់នាពេលនេះ គឺជាដំណើររបស់ប្រទេសជាតិ ហើយដំណើររបស់ប៊ែលធីគ្រុបក៏ជាដំណើររបស់ប្រទេសជាតិដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានលើកឡើងនូវការងារចំនួន ៦ចំណុចដែលក្រសួងបានអនុវត្តដើម្បីបញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ, បង្កើតបរិយាកាសគ្មានវិវាទសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជាគតិចែករំលែកដល់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យសិស្សនិស្សិតនៃប៊ែលធីគ្រុបបានយល់ដឹងផងដែរ៕









