ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួង ដោយកំណត់គោលដៅការងារ ជំរុញកិច្ចការគ្រប់គ្រងស្ថាប័ន និងឱ្យមានការឯកភាពរួមគ្នាលើដំណើរការទៅមុខ ដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គោលនយោបាយអាទិភាពទាំង ៣ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ ដែលរួមមាន ការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងណែនាំលើការងារកំណែទម្រង់មុខងារសាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិភាក្សាផ្តោតលើ៖
- ការពិនិត្យមុខងារដែលក្រសួងត្រូវធ្វើ
- ការពិនិត្យមើលបរិមាណមន្ត្រី និងប្រភេទមន្ត្រីដែលក្រសួងត្រូវការចាំបាច់
- ការពិនិត្យលើការងារដែលមានទំនាក់ទំនងរវាងវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយវិស័យផ្សេងទៀត ដើម្បីមានការឯកភាពគ្នាលើការបែងចែក និងអនុវត្ថការងារបន្ត
- ស្តាប់នូវសំណូមពរមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីក្រសួងមានលទ្ធភាពបើកវគ្គបណ្តះបណ្តាលជូន ដែលធ្វើឱ្យពួកគាត់អាចបំពេញមុខងារដែលក្រសួងប្រគល់ឱ្យ មានប្រសិទ្ធភាព









