គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ នឹងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើន
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ឌិត នីតា បានអញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ដែលជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។
គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” នេះ នឹងមានការរៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់ សំរាប់សាធារណជន និងទេសចរ, រៀបចំតំបន់សុវត្ថិភាពសំរាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រ, មានសួនច្បារសាធារណៈ ដាំដើមឈើបៃតង និងកន្លែងពិកនិកកម្សាន្តនៅលើដីចំណីឆ្នេរសមុទ្រ សំរាប់សាធារណជន និងទេសចរជាដើម។
មិនតែប៉ុណ្ណោះ ក្នុងគម្រោងអភិវឌ្ឍនេះ ក៏នឹងមានការរៀបចំផ្លូវថ្មើរជើង ដោយមានផ្លូវសំរាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ, កន្លែងអង្គុយលម្ហែ កន្លែងលេងកីឡា, មានម្ហូបដែលមានស្តង់ដាអន្តរជាតិ សំរាប់សាធារណជន និងទេសចរ, រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសំរាប់ជនមានពិការភាពផងដែរ។
ដោយឡែកសំរាប់កញ្ចុះចាស់ៗដែលមានស្រាប់ នឹងធ្វើការជួសជុលកែលម្អជាថ្មី សំរាប់សាធារណជន និងទេសចរ, រៀបចំតម្លើងឆត្រប្រក់ស្បូវ, ចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប។
ទន្ទឹមគ្នានេះ ក៏មានជាការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងមានការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាម ដែលស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
សូមជម្រាបជូនថា ក្រោយការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” នេះរួចរាល់ ខេត្តព្រះសីហនុ នឹងកាន់តែមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀត៕









