ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ
(ភ្នំពេញ) ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងពីការងារអាទិភាពដែលក្រសួងកំពុងអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ, បង្កើតបរិយាកាសគ្មានវិវាទ ការរៀបចំសម្បទានដីសង្គមកិច្ច ការរៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋានជាដើម។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបង្ហើយនេះគឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូចជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះបញ្ជីដីធ្លី ជូនកងទ័ពដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ព ដោយបានស្នើសុំឱ្យអង្គភាពកងទ័ពបន្ថែមនូវការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ត្រីនិងដាំបន្លែ ដំណាំសម្រាប់ទុកជាស្បៀងអាហារផ្គត់ផ្គង់ដល់កងទ័ពផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្ដល់យោបល់ជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ។
ចំពោះគោលនយោបាយសម្បទានដីសង្គមកិច្ច ឯកឧត្តម មានបំណងចង់ឱ្យមានការផ្ដល់ដីដល់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាកខ្វះខាតពិតប្រាកដ ដើម្បីឱ្យពួកគាត់មានដីសម្រាប់រស់នៅ និងបង្កបង្កើនផលបង្កើនជីវភាពគ្រួសារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានពិចារណាគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជានិងគ្រួសារក្រីក្រតាមរយៈការផ្ដល់ដីសម្បទានសង្គមកិច្ចនេះផងដែរ៕






