ធនាគារជាតិនៃកម្ពុជា ឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យ ដំណើរការបានល្អ
(ភ្នំពេញ)៖ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អផងដែរ។
ក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
នាកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែបានលើកឡើងថាយើងទាំងអស់គ្នាត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានរៀបរយ ហើយមិនមានពេលវេលាណាដែលអំណោយផលដូចពេលនេះទេក្នុងការរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ជាទូទៅប្រាក់ដុល្លារនិងប្រាក់រៀលអាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ១៩៧៩ មក។ ឯកឧត្តមបានបន្ថែមថា ការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈផងដែរ។
ឯកឧត្តម សាយ សំអាល់ បានលើកសំណើដល់ធនាគារជាតិនៃកម្ពុជាថាតើអាចមានការឯកភាពសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្រិតណាក្នុងវិស័យដីធ្លីដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ។
ជាការឆ្លើយតប លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងអំពីស្ថានភាពវិស័យធនាគារនិងទំនាក់ទំនងជាមួយវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ដោយក្នុងនោះលោកជំទាវបានផ្តាំផ្ញើដល់អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលហើយនោះត្រូវថែរក្សាទុកជាកេរមរតក និងសូមកុំយកទៅលក់ ឬដាក់បញ្ចាំនៅធនាគារភ្លាមៗ ហើយត្រូវប្រើប្រាស់បណ្ណកម្មសិទ្ធិនេះប្រកបដោយការទទួលខុសត្រូវ។លោកជំទាវបញ្ជាក់ថា ទំនាក់ទំនងរវាងអចលនទ្រព្យនិងធនាគារគឺមានភាពស្អិតរមួត តាមរយៈការដាក់ទ្រព្យបញ្ចាំដើម្បីបានប្រាក់កម្ចី ហើយការឡើងឬចុះនៃតម្លៃអចលនទ្រព្យក៏មានផលប៉ះពាល់ដល់ធនាគារដែរ។ ជាមួយនេះលោកជំទាវ បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អផងដែរ៕









