កិច្ចប្រជុំអន្តរក្រសួង ស្តីពី “សំណង់ និងដីចំណីប្រឡាយលេខ៦១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល”
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកកិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំដ៍មានសារៈសំខាន់ ដោយក្រសួងបានកសាងនូវវប្បធម៌ថ្មីមួយទៀត លើកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត ដោយរួមបញ្ចូលគ្នារវាងកិច្ចការរៀបចំក្រុង កិច្ចការនគរូបនីយកម្ម ជាមួយនឹងសំណង់ធារាសាស្រ្ត និងបច្ចេកទេសសាធារណការ សំដៅប្រែក្លាយអ្វីដែលមានស្រាប់ទៅជារបស់ដែលមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ ជាក់ស្តែង កិច្ចប្រជុំនៅថ្ងៃនះ ពិភាក្សាផ្តោតលើការគិតគូរប្រែក្លាយប្រឡាយឱ្យទៅជាផ្លូវ ជាសួនលម្អក្រុង និងបុរីជនបទ ដោយរក្សាមុខងារប្រឡាយដែលប្រើសម្រាប់ស្រោចស្រព និងរំដោះទឹក ដដែល ស្របទៅតាមប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតីដែលបានដាក់ចេញគឺ ប្រែក្លាយទីកន្លែងជាច្រើនឱ្យទៅជាសួន និងលំហសាធារណៈ ដែលបង្កើតបាននូវសេចក្តីថ្លៃថ្នូរ សុភមង្គលរបស់ប្រជាជន និងគុណភាពមនុស្សរបស់កម្ពុជាទៅថ្ងៃអនាគត ជាសង្គមដែលមានមនោសញ្ចេតនាច្រើនជាងនេះបន្ថែមទៀត ។









