ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បើកកិច្ចប្រជុំពិភាក្សាប្រមូលមតិយោបល់បន្ថែមទៀតទាក់ទិននឹងធ្លាគំលាតនគរូបនីយកម្ម និងការកំណត់យន្តការនិងនីតិវិធីដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីស្នើសុំមតិយោបល់បន្ថែមទាក់ទិននឹងធ្លាគំលាតនគរូបនីយកម្ម និងការកំណត់យន្តការនិងនីតិវិធីដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំស្ដីពីធ្លាគំលាតនគរូបនីយកម្មនិងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាទាំងនេះមិនមែនជាភារកិច្ចរបស់អគ្គនាយកដ្ឋានសំណង់តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវរួមឯកភាពគ្នាគ្រប់អគ្គនាយកដ្ឋានទាំងអស់ដោយចូលរួមមតិយោបល់ រួមគិត រួមទទួលខុសត្រូវ ដើម្បីអនុវត្តកិច្ចការនេះឱ្យបានល្អពីព្រោះដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវរឹងមាំដោយខ្លួនឯងដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឆ្ពោះទៅមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរៀបចំយន្តការថ្មីដើម្បីកែប្រែស្ថានភាពដែលមិនសូវល្អទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម ឱ្យមកល្អប្រសើរឡើងវិញ ពីព្រោះដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជាបានលុះត្រាតែយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយនិងដោះស្រាយវិវាទសំណង់ឱ្យបានចប់សព្វគ្រប់ នោះទើបយើងអាចឈានទៅរកការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋបន្តទៀតបាន។
ឯកឧត្តម បានណែនាំដល់សមាជិកអង្គប្រជុំត្រូវអនុវត្តកិច្ចការរបស់ខ្លួនដោយកំណត់យន្តការធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការរងសម្ពាធ រឺមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចទទួលយករាល់គោលការណ៍ដែលត្រូវអនុវត្តទាំងនោះបាន ទាក់ទិននឹងវិស័យសំណង់និងនគរូបនីយកម្ម។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យការអនុវត្តការងាររបស់មន្ត្រីទាំងអស់ ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ចេះបត់បែនតាមសភាពការណ៍ និងចេះដោះស្រាយបញ្ហានានាជុំវិញខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ៕









