ប្រជាពលរដ្ឋ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបានដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ
(រតនគិរី)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ប្រជាពលរដ្ឋ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបានដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនបងប្អូនពលរដ្ឋ ស្ថិតនៅភូមិត្រុំ ឃុំឡាមិញ ភូមិយ៉ាសម ភូមិស៊ើង ភូមិចែត ភូមិគ្លិ ភូមិយ៉ែម និងភូមិស្មាច់ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការវាស់វែងដីធ្លីបង្ហើយគឺជាកិច្ចការសំខាន់សម្រាប់កម្ពុជា។ជំហានបន្ទាប់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវមានភារកិច្ចយកធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាននេះដើម្បីប្រែក្លាយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងនិងប្រើប្រាស់ធនធាននេះដើម្បីជាឧត្តមប្រយោជន៍សម្រាប់ពួកគាត់បន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាននាពេលនេះ និងបានគូសបញ្ជាក់ថា គោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយគឺជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនៅដើមអាណត្តិទី៧ នេះ ឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តការងារនេះឱ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស។ ទាក់ទិននឹងការវាស់វែងដីធ្លីបង្ហើយនេះ ឯកឧត្តមបានបញ្ជាក់ថានេះគឺជាជំហានមួយស្ថិតក្នុងដំណើរដ៏វែងឆ្ងាយរបស់យើងដែលបានចាប់ផ្ដើមការធ្វើកំណែទម្រង់ដីធ្លីដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៨៥ មកម៉្លេះ។
ក្នុងការវាស់វែងដីធ្លីនេះគឺបានប្រើប្រាស់កម្លាំងសរុបក្នុងនោះត្រូវប្រើប្រាស់កម្លាំងដែលមានស្រាប់, បំពាក់សម្ភារៈនិងថវិកា និងត្រូវមានការជួយអន្តរាគមន៍គ្នាទៅវិញទៅមកពីគ្រប់ភាគីពាក់ព័ន្ធ។នៅដើមអាណត្តិទី៧ នេះយើងនៅសល់ប្រមាណ ៥លានក្បាលដីដែលត្រូវចុះបញ្ជីដីធ្លីបង្ហើយ ហើយមកទល់ពេលនេះយើងនៅសល់ត្រឹមតែ ១៧ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែង ដូច្នេះយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយនេះនឹងត្រូវចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខ ហើយនេះប្រហែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលយើងបានចុះបញ្ជីដីធ្លីបានចប់សព្វគ្រប់សរុបប្រមាណ១៣ លានក្បាលដីនៅទូទាំងប្រទេស ដោយកិច្ចការនេះទាមទារ ឱ្យមានការឯកភាពជាតិនិងការស្រុះស្រួលគ្នា នោះទើបអាចបញ្ចប់ការងារចុះបញ្ជីដីធ្លីបានជោគជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កេតឃើញថា ខេត្តរតនគិរីមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ដូច្នេះឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យគិតគូរពិចារណាក្នុងការជំរុញប្រជាកសិករឱ្យបង្កើនការដាំដុះដំណាំកសិកម្មសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។
សូមគូសបញ្ជាក់ថា ខេត្តរតនគីរីគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ រួមមាន៖ ខេត្តរតនគីរី ខេត្តកំពង់ធំ និងខេត្តកោះកុង ដែលបាននិងកំពុងតែវាស់វែងបញ្ចប់៕









