ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យមន្ត្រីក្រោមឱវាទ គិតគូរឱ្យបានវែងឆ្ងាយនិងទូលំទូលាយលើសពីការងារស្នូលរបស់ខ្លួន និងផ្ដោតសំខាន់លើការរួមចំណែករៀបចំប្រទេសជាតិ ឱ្យបានល្អនិងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ឱ្យបានរឹងមាំ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យមន្ត្រីក្រោមឱវាទក្រសួងមានការឯកភាពគ្នាគិតគូរលើសពីការងារស្នូលរបស់ខ្លួន មានន័យថាមិនត្រឹមតែផ្ដោតលើការងារស្នូលតែមួយមុខនោះទេ គឺត្រូវគិតឱ្យបានវែងឆ្ងាយ គិតឱ្យបានធំទូលំទូលាយ ត្រូវបណ្ដុះទម្លាប់ឱ្យចេះគិតគូរអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ជាតិដើម្បីចូលរួមជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។
ថ្លែងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រសួងនិងជជែកពិភាក្សាប្រមូលមតិយោបល់ក្នុងការត្រៀមរៀបចំគម្រោងសម្បទានដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៤ ឬហៅថា LASED IV, ការរៀបចំទីក្រុងនិងទីប្រជុំជនឱ្យបានល្អ,ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងទីប្រជុំជនទាំងអស់, ការរៀបចំតំបន់ឆ្នេរ,ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងតំបន់ឆ្នេរទាំងអស់នៅក្នុងខេត្តជាប់មាត់សមុទ្រចំនួន៤ ដែលក្នុងនោះមានឆ្នេរខ្សាច់,ឆ្នេរថ្មនិងឆ្នេរកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍, រៀបចំផ្លូវតភ្ជាប់ខេត្តជាប់មាត់សមុទ្រទាំង៤, ធ្វើយ៉ាងណាជួយដល់ជីវភាពរបស់ប្រជាសហគមន៍អោយមានភាពរីកចម្រើនជាងមុន, និងការរៀបចំតំបន់បឹងទន្លេសាបនិងតំបន់បេតិកភណ្ឌពិភពលោកអង្គរឱ្យបានត្រឹមត្រូវ។
តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចង់ប្រែក្លាយការគិតគូរក្នុងជួរថ្នាក់ដឹកនាំក្រសួងនិងប្រែក្លាយផ្នត់គំនិតរបស់មន្ត្រីក្រោមឱវាទ ឱ្យមានការឯកភាពគ្នាគិតគូរលើសពីការងារស្នូលរបស់ខ្លួន មានន័យថាមិនត្រឹមតែផ្ដោតលើការងារស្នូលតែមួយមុខនោះទេ គឺត្រូវគិតឱ្យបានវែងឆ្ងាយ គិតឱ្យបានធំទូលំទូលាយ ត្រូវបណ្ដុះទម្លាប់ឱ្យចេះគិតគូរអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ជាតិដើម្បីចូលរួមជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុទ្ធតែជាចំណែកដ៏សំខាន់មួយក្នុងការជួយរៀបចំប្រទេសជាតិ ឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ, ជួយកសាងជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យល្អប្រសើរ, ជួយជំរុញខឿនសេដ្ឋកិច្ចជាតិ ឱ្យបានខ្លាំងក្លារឹងមាំ ឆ្លើយតបតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕










