ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំង ខណៈការដោះស្រាយសំណងវិញ គឺធ្វើតាមតម្លៃទីផ្សារ។ អគារអង្គរមានជ័យ ជាអគារសហកម្មសិទ្ធ ដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋរស់នៅតែមិនផ្តល់កម្មសិទ្ធិលើដីនោះទេ។
ក្រសួង បានចាប់ផ្តើមដំណើរការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំង ៦៥គ្រួសារ អស់រយៈពេល ១៤ខែហើយ ដែលជាលទ្ធផល ៦២គ្រួសារ បានឯកភាពទទួលយកសំណងចាកចេញ ទៅរស់នៅទីកន្លែងថ្មី មានសុវត្ថិភាព ១គ្រួសារ ស្នើសុំអភិវឌ្ឍនៅនឹងកន្លែង និង២គ្រួសារ រួមទាំងគ្រួសារស្ត្រីឈ្មោះ លីវ សុផាមិនទាន់យល់ព្រមទទួលយកសំណងគោលនយោបាយនេះ។
ការដោះស្រាយគ្រួសារទាំង៦៥ ដោយផ្អែកលើគោលការណ៍ចំនួន ៣៖ ទី១. សុវត្ថិភាពបងប្អូនដែលរស់នៅក្នុងអគារទ្រុឌទ្រោមពុកផុយវ័យចំណាស់ ៧៥ឆ្នាំនេះជាចម្បង ហើយក្រសួងបានសិក្សាវាយតម្លៃអគារនេះ ជាសំណង់ដែលអាចដួលរលំភ្លាមៗដោយមិនផ្តល់សញ្ញាណជាមុន, ទី២. ក្រសួងបានយកតម្លៃទីផ្សារជាគោល (ក្រុមហ៊ុន Phnom Penh Real Estate 2023, ក្រុមហ៊ុន De Grand Reality 2024 និងបានជួលក្រុមហ៊ុន Asia Pacific ឆ្នាំ 2025) និងទី៣. បានបើកចរចា និងពិភាក្សា ដោយទុកពេលវេលា ១៤ខែ ឱ្យគ្រួសារទាំង ៦៥ ធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ក្រសួងក៏បានសិក្សាវាយតម្លៃទៅលើស្ថានភាពគ្រួសារទាំង៦៥ ទៅលើជីវភាពរបស់ពួកគាត់ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន ៥ ក្រសួងបានផ្តល់សម្បទានដីសង្គមកិច្ច សម្រាប់រស់នៅ ។





