ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសដាក់ ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ។
កម្មវិធីបណ្ដុះបណ្ដាលផ្នត់គំនិតស្ថាបត្យកម្មគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជានិងការសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកាឆ្នាំ ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលបានប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុលើវិស័យរបស់ខ្លួន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលបង្ហាញអំពីវីរះភាពក្នុងការបំពេញកិច្ចការងារជាច្រើននារយៈពេលជាង ២ឆ្នាំក្នុងអាណត្តិទី៧ នេះ ដើម្បីរួមចំណែកជំរុញឱ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់កោសិកានៃសង្គមជាតិឱ្យទទួលបានផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម។ ជាមួយនេះ ដើម្បីកសាងការឯកភាពជាតិលើកិច្ចការស្ថាបត្យកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថាមានចម្រៀងមួយចំនួនដូចជា (១) ពង្សាវតាខ្មែរ ដែលបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលយើងធ្លាប់មាន,អ្វីដែលយើងធ្លាប់បានបាត់បង់និងអ្វីដែលយើងចង់បានត្រឡប់មកវិញ, (២) ឱ!ភ្នំពេញអើយ បានបង្ហាញឱ្យឃើញអំពីផេះផង់គំនរឆ្អឹងថ្លុកឈាមនៃសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍និងការសម្លាប់មនោសញ្ចេតនារបស់មនុស្ស, និង (៣) ភ្នំដងរែក ដែលទាំងនេះសុទ្ធសឹងជាបទចម្រៀងមានអត្ថន័យជ្រាលជ្រៅជួយបណ្ដុះផ្នត់គំនិតអប់រំដ៏ល្អសម្រាប់ស្ថាបត្យករ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុក អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគារក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀតដែលកសាងឡើងនាពេលបច្ចុប្បន្ននេះគឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញនៃស្ថាបត្យកម្មខ្មែរនាសហសម័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ដើម្បីកសាងស្ថាបត្យកម្មខ្មែរនាសហសម័យគឺទី១ យើងត្រូវចាប់ផ្ដើមលុបបំបាត់សំណង់មិនរៀបរយបន្តិចម្តងៗ ដោយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះជូនប្រជាពលរដ្ឋចំនួន ៥០ ម៉ឺនគ្រួសារដែលប្រៀបបានជាការជួយទាញប្រជាពលរដ្ឋទាំង៥០ ម៉ឺនគ្រួសារនេះឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ, និងទី២ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាលិចទឹកតាមដងផ្លូវ ដោយកសាងចំណតយានយន្ត និងសួនច្បារទីធ្លាលំហរសាធារណ:តាមសាលារៀន ឬពង្រីកផ្លូវធ្វើដំណើរបន្ថែម។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា អនាគតរបស់ប្រទេសកម្ពុជាគឺអាស្រ័យលើការចូលរួមរបស់យើងទាំងអស់គ្នាក្នុងស្មារតីស្នេហាជាតិ ដូច្នេះដើម្បីប្រែក្លាយប្រទេសជាតិ ឱ្យកាន់តែល្អជាងមុនតាមរយៈស្ថាបត្យកម្មគឺត្រូវរៀបចំកែលំអរបន្ទប់គេងឱ្យបានស្អាត បន្ទប់ទទួលភ្ញៀវស្អាត បន្ទប់ទឹកស្អាតនិងចង្ក្រានបាយស្អាត ដោយឡែកនៅលើកិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យើងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជាដែលជាប្រទេសតូច ក្លាយជាភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានអាហារហូបចុកគ្រប់គ្រាន់, មានជីវិតលំហែ និងធ្វើឱ្យកម្ពុជាក្លាយជាទីដែលមនុស្សគ្រប់រូបមានក្តីប្រាថ្នាចង់មករស់នៅទីនេះ៕










