កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ឱ្យទៅជា “បេះដូងរាជធានី” ឈានដល់វគ្គជម្រុះចុងក្រោយ
កម្មវិធីប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” បានឈានដល់វគ្គជម្រុះចុងក្រោយហើយ។ ការប្រកួតវគ្គជម្រុះនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅអគារ GIA កោះពេជ្រ។
លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមកាងាររៀបចំការប្រកួតប្រជែងនេះ បានអញ្ជើញដឹកនាំសម្របសម្រួលលើការធ្វើបទបង្ហាញគម្រោងសិក្សារបស់បេក្ខជនជាប់វគ្គជម្រុះ ១០ក្រុមចុងក្រោយ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៥ ក្នុងកម្មវិធីចែកពានរង្វាន់ នាពេលខាងមុខនេះ។
សម្រាប់ការវាយតម្លៃនៃការប្រកួតប្រជែងស្នាដៃបេក្ខជន គឺស្ថិតក្រោមការពិនិត្យវាយតម្លៃដាក់ពិន្ទុ និងផ្តល់មតិយោបល់ណែនាំពីគណៈកម្មការ និងគណៈកម្មការកិត្តិយសចំនួន ៩រូប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំការប្រកួតប្រជែងអន្តរស្ថាប័នទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន តំណាងក្រុមហ៊ុន OCIC និងក្រុមការងារដៃគូសហការ។
កញ្ញា អ៊ីឈិញ តំណាងក្រុមទី៧៤ មានសមាជិក៤នាក់ និងបានសិក្សាគម្រោងមានឈ្មោះថា «នរាចតុរាជ្យ» ដោយសិក្សាពីគម្រោង រូបសំណាកសួនច្បារកោះនរា សួនច្បារកោះពេជ្រ ស្ពានថ្មើរជើង ស្ពានអាកាសកោះពេជ្រ និង Zip line ផងដែរ។ អ៊ីឈិញ បន្តថា ការសិក្សាគម្រោងរបស់ខ្លួនសុទ្ធតែបានបង្កប់គំនិតច្នៃប្រឌិតពីតំបន់មួយទៅតំបន់មួយ។
តំណាងក្រុមទី៧៤ រូបនេះ បន្ថែមថា បន្ទាប់ពីបានធ្វើបទបង្ហាញរួចហើយ ក្រុមរបស់ខ្លួនមានសង្ឃឹម ៥០ភាគរយ ដោយមិនគិតថា ក្រុមរបស់ខ្លួនពូកែជាងគេនោះទេ។ អ៊ីឈិញ បន្តថា ការចូលរួមកម្មវិធីប្រកួតនេះ បានធ្វើឱ្យក្រុមខ្លួនទទួលបានចំណេះដឹងជាច្រើន ដែលនៅសាលាមិនបានបង្រៀន ជាពិសេសទទួលបានចំណេះដឹងពីគណៈកម្មការក្នុងការផ្ដល់មតិយោបល់ និងគំនិតល្អៗ ដែលជួយឱ្យក្រុមអាចអភិវឌ្ឍសមត្ថភាពពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ដោយឡែកលោក ជីង ជេន សាន់ តំណាងក្រុមទី៣៨ វិញ និយាយថា ក្រុមរបស់ខ្លួនបានចូលរួមក្នុងគម្រោងសិក្សារចនាឧទ្យានកោះនរា “បេះដូងរាជធានី” ដោយគម្រោងរបស់ខ្លួនមានឈ្មោះថា “សរសៃទន្លេ”។ លោក ជីង ជេន សាន់ បន្តថា លក្ខណៈពិសេសរបស់គម្រោងនេះ គឺរចនាគោលគំនិតពីរលករបស់ទឹកទន្លេ ដែលបង្ហាញពីគំនិតច្នៃប្រឌិតថ្មី និងទាក់ទាញ។
តំណាងក្រុមទី៣៨ រូបនេះ បន្ថែមថា បន្ទាប់ពីបានធ្វើបទបង្ហាញរួច ក្រុមរបស់ខ្លួនមានសង្ឃឹមខ្ពស់ ហើយថា កម្មវិធីនេះ ពិតជាធ្វើឱ្យរូបគេ និងក្រុមទទួលបានចំណេះដឹងជាច្រើន តាមរយៈការវាយតម្លៃពីគណៈកម្មការ ដែលកាន់តែធ្វើឱ្យក្រុមរបស់ខ្លួនអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ។
សម្រាប់ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) និងជាគណៈគម្មការដាក់ពិន្ទុ មានប្រសាសន៍ថា ក្រុមបេក្ខជនដែលបានឈានមកដល់វគ្គជម្រុះនេះ សុទ្ធតែបានបង្ហាញពីទស្សនៈជឿនលឿន ក្នុងនាមជាស្ថាបត្យករវ័យក្មេង ដោយពួកគេមានការគិតគូរច្រើនទៅលើទីតាំងទាំងនៅកោះពេជ្រ និងនៅកោះនរា ក៏ដូចជាការដោះស្រាយបញ្ហាសង្គម បញ្ហាកកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ហង្ស សុតសំភារ បញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា “បេះដូងរាជធានី” មិនមែនជាការប្រកួតប្រជែងដើម្បីឈ្នះចាញ់នោះទេ ក៏ប៉ុន្តែជាវគ្គរៀនសូត្រជាក់ស្ដែង ក្នុងកម្រិតដែលមានគណៈកម្មការ មានមេប្រយោគផ្ដល់មតិយោបល់ ដែលខុសពីការរៀនសូត្រក្នុងសាលា។
គួរជំរាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុន OCIC មានក្ខុវិស័យប្រែក្លាយទីតាំងកោះនរា ឱ្យទៅជា “បេះដូងរាជធានី” តាមរយៈការរៀបចំគម្រោងប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពសាធារណៈ ទេសភាព សោភណភាពទីក្រុង និងផ្ដល់និមិត្តរូបថ្មីមួយបន្ថែមទៀតនៃការអភិវឌ្ឍរាជធានីភ្នំពេញ៕













