សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងក៍ដូចជាបញ្ចប់មន្ទិលភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច ។ ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តាំផ្ញើរបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់ប័ណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិឋានរបស់យើងឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកំសាន្ត លើកស្ទួយជីវភាពពលរដ្ឋនៅភូមិភាគឦសានឱ្យកាន់តែរីកចម្រើនទៅមុខ។
ពិធីចែកប័ណ្ណសមូហភាពចំនួន ២៦២ប័ណ្ណ ជូនសហគមន៍ ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ចំនួន ៥ភូមិមាន ភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ នៃឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរិ។
២១ មករា ២០២៦










