ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈសា្ថបត្យករកម្ពុជា បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងពីការកសាងទីក្រុងបៃតងប្រកបដោយនិរន្តភាព ដោយសិក្ខាសាលាបានលើកពីលក្ខខណ្ឌសេដ្ឋកិច្ច សង្គម វប្បធម៌ លក្ខខណ្ឌចាំបាច់ក្នុងការប្រែក្លាយទីក្រុងឱ្យមានភាពបៃតងប្រកបដោយនិរន្តភាព
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរយកចិត្តទុកដាក់កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងបៃតងប្រកបដោយនិរន្តរភាព ក្នុងគោលដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងមានបរិយាកាសរស់នៅល្អប្រសើរ គ្មានការកកស្ទះចរាចរណ៍ គ្មានការជន់លិច គ្មានសំណង់មិនរៀបរយ, អំណោយផលដល់ការរស់នៅមានសុខភាពផ្លូវចិត្តល្អ មានវប្បធម៌អរិយធម៌ មានសីលធម៌សុជីវធម៌ មានទំនាក់ទំនងល្អមានក្តីស្រឡាញ់និងចេះគោរពគ្នាទៅវិញទៅមក។
សិក្ខាសាលាស្ដីពីឆ្ពោះទៅរកនិរន្តរភាពទីក្រុង: យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ទីក្រុងបៃតង ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះមានសារៈសំខាន់ណាស់ចំពោះកិច្ចការរបស់ក្រសួង និងជាឱកាសក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយតាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាអ្នកចូលរួមទាំងអស់នឹងអាចយល់ដឹងបានកាន់តែច្បាស់ពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ទីក្រុងបៃតងប្រកបដោយនិរន្តរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់វិស្វករ ស្ថាបត្យករ និងអ្នកសេដ្ឋកិច្ចទាំងអស់ មុននឹងកសាងទីក្រុងបៃតងប្រកបដោយនិរន្តរភាពគឺត្រូវគិតគូរអំពីសេដ្ឋកិច្ចនិងប្រភពចំណូលរបស់ទីក្រុងជាមុនសិន។ជាមួយនេះការកសាងទីក្រុងបៃតងបាន លុះត្រាតែគិតគូរធ្វើយ៉ាងណាឱ្យទីក្រុងមានបរិយាកាសរស់នៅល្អប្រសើរ ហើយមនុស្សដែលរស់នៅក្នុងទីក្រុងនេះមានសុខភាពផ្លូវចិត្តល្អ និងទទួលបានការសិក្សាអប់រំ មានវប្បធម៌អរិយធម៌ មានសីលធម៌សុជីវធម៌ មានទំនាក់ទំនងល្អ មានក្តីស្រឡាញ់និងចេះគោរពគ្នាទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យមានសិក្ខាសាលាបែបនេះបន្តទៀតដោយអញ្ជើញភាគីពាក់ព័ន្ធគ្រប់កោសិកានៃសង្គមទាំងអស់ឱ្យចូលរួម ដើម្បីរួមគ្នាបញ្ចេញមតិយោបល់ថ្មីៗនិងស្វែងយល់អំពីយុទ្ធសាស្ត្រនៃការកសាងទីក្រុងបៃតងប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកជំរុញកិច្ចការនេះឱ្យសម្រេចបានជោគជ័យស្របតាមស្ថានភាពជាក់ស្ដែងនៃសង្គមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា នាពេលខាងមុខប្រជាពលរដ្ឋខ្មែរជាច្រើននឹងស្រឡាញ់ការរៀបចំទីក្រុង ដែលកិច្ចការនេះគឺយើងត្រូវតែធ្វើដោយខានមិនបាន ប៉ុន្តែកុំស្មុគស្មាញឬតានតឹងពេក ដោយត្រូវធ្វើតាមជំហានៗ, ក្នុងនោះត្រូវធ្វើយ៉ាងណាកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់ខ្វាត់ខ្វែងក្នុងរាជធានីភ្នំពេញដើម្បីបញ្ជៀសកុំឱ្យមានទឹកជន់លិចនៅពេលភ្លៀងធ្លាក់ក្នុងទីក្រុង, កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែមដើម្បីបញ្ជៀសការកកស្ទះ។ ការដោះស្រាយបញ្ហាប្រព័ន្ធបង្ហូរទឹកកខ្វក់និងកសាងផ្លូវបន្ថែមនេះនឹងក្លាយជាយន្តការក្នុងការដោះស្រាយបញ្ហាសំណង់មិនរៀបរយបានកាន់តែច្រើនជាងមុន និងបន្តដោះស្រាយផ្ដល់នូវជម្រកដល់អ្នកគ្មានជម្រក ដោយផ្ដល់ឱកាសដល់អ្នកដែលរស់នៅក្នុងសំណង់មិនរៀបរយ មានទីកន្លែងរស់នៅសមរម្យប្រកបដោយសេចក្តីសុខ គ្មានអំពើហឹង្សា គ្មានគ្រឿងញៀន គ្មានជំងឺឆ្លងនិងគ្មានការបៀតបៀនផ្សេងៗ៕










