ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បើកកិច្ចប្រជុំអន្តរក្រសួងស្ដីពីការងាររៀបចំប្លង់គោលវាលវែង-ប្រមោយ ខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ ដើម្បីប្រមូលធាតុចូលសំខាន់ៗអំពីការងាររៀបចំប្លង់គោលវាលវែង-ប្រមោយ ខេត្តពោធិ៍សាត់ ក៏ដូចជាកំណត់ឱ្យបាននូវតំបន់អភិវឌ្ឍន៍ និងតំបន់អភិរក្ស កំណត់ការប្រើប្រាស់ធនធានធម្មជាតិឱ្យចំគោលដៅ មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយចីរភាព រៀបចំយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍន៍លើវិស័យពាក់ព័ន្ធនឹងធនធានធម្មជាតិ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសថៃតាមច្រកព្រំដែនថ្មដា និងកំណត់ការអភិវឌ្ឍទីប្រជុំជនតាមឃុំទាំងអស់ក្នុងស្រុកវាលវែងទាំងមូល ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
ការរៀបចំប្លង់គោលវាលវែង-ប្រមោយ ខេត្តពោធិ៍សាត់នេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងអាចវិនិយោគលើដីធ្លីរបស់ខ្លួន ហើយអាចបង្កើតមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពគ្រួសារ។ ការរៀបចំប្លង់គោលនេះអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើនការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងប្រទេសជិតខាង រក្សាបាននូវស្ថេរភាពនយោបាយ មានសក្តានុពលសេដ្ឋកិច្ចថ្មីថែមទៀត តាមរយៈការរៀបចំបង្កើតតំបន់ទេសចរណ៍ថ្មីៗ និងជំរុញឱ្យមានកំណើនប្រជាពលរដ្ឋទៅរស់នៅទីនោះកាន់តែច្រើន។
ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា បន្ទាប់ពីការងារវាស់វែង ចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ ការងារបន្តរបស់ក្រសួងរៀបចំដែនដី នោះគឺការងារនគរូបនីយកម្មដែលជាកិច្ចការសំខាន់ ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដី ទីក្រុង ទីប្រជុំជន ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ផ្នែកច្បាប់ និងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរស់នៅរបស់ពួកគាត់អោយកាន់តែប្រសើរឡើង។