ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យក្រុមហ៊ុន CMEC Group China ចូលរួមក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ និងស្នើឱ្យក្រុមហ៊ុននេះពិចារណាវិនិយោគលើផ្នែកអចលនទ្រព្យនៅកម្ពុជា
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងបានរៀបចំកិច្ចពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CMEC Group China នៅទីស្ដីការក្រសួង នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ ក្រុមហ៊ុន CMEC Group China បញ្ជាក់ថា ជំនួបនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីការចូលរួមក្នុងការបើកសម្ពោធជាលក្ខណៈប្រវត្តិសាស្ត្រនូវការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។
អនុស្សារណៈយោគយល់គ្នានាពេលនេះ គឺជាចំណុចចាប់ផ្ដើមនៃការបើកកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CMEC Group China បន្តទៅមុខទៀត។ ក្រុមហ៊ុននេះ សង្ឃឹមថាបន្ទាប់ពីមានកិច្ចសហការក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ ក៏នឹងបន្តធ្វើកិច្ចសហការក្នុងការអនុវត្តកាតព្វកិច្ចសង្គម ដូចជាការសាងសង់សាលាបឋមសិក្សា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់យុទ្ធជននៅជាយដែនជាដើម។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគរបស់ក្រុមហ៊ុន CMEC Group China នៅក្នុងប្រទេសកម្ពុជា។ ទាក់ទិននឹងសំណើរបស់ក្រុមហ៊ុនCMEC Group China ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងវិនិយោគ ដើម្បីសម្រេចថាតើក្រុមហ៊ុន CMEC Group China គួរវិនិយោគនៅលើគម្រោងអ្វីខ្លះ រួមទាំងគម្រោងព្រែកជីកហ្វូណនផងដែរ។ យើងមានគម្រោងចាំបាច់មួយចំនួនដូចជា ការសាងសង់ព្រែកជីកហ្វូណនតេជោ គម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន នៅតាមដងទន្លេមេគង្គ។ ជាមួយនេះ ឯកឧត្តម បានលើកឡើងអំពីស្ថានភាពនៃឧស្សាហកម្មអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន CMEC Group China គិតគូរអំពីវិស័យអចលនទ្រព្យផងដែរ ហើយប្រសិនបើក្រុមហ៊ុនបណ្ដាក់ទុនវិនិយោគលើផ្នែកអចលនទ្រព្យនោះការវិនិយោគនឹងអាចដំណើរការបានឆាប់រហ័ស។
គួរបញ្ជាក់ថា ក្រុមហ៊ុន CMEC Group China បានបើកដំណើរការតាំងពីឆ្នាំ១៩៧៨ ជាមួយនឹងបុគ្គលិកបម្រើការងារប្រមាណជាង ៣ម៉ឺននាក់។ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន CMEC Group China បានអភិវឌ្ឍន៍គម្រោងជាច្រើន រួមមានគម្រោងថាមពលនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគម្រោងទាំងនេះបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕