ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ “ស្ថាបត្យកម្មខ្មែរនាសហសម័យ” ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ “ស្ថាបត្យកម្មខ្មែរនាសហសម័យ” ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា កម្ពុជាបានឆ្លងកាត់នូវសម័យកាលជាច្រើន ហើយមកទល់ពេលនេះយើងអាចរៀបចំខ្លួនក្នុងកម្រិតមួយដែលធានាបាននូវមរតក និងអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាតជំនាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា សន្តិភាពដែលយើងមានសព្វថ្ងៃនេះគឺជាមរតកមួយដ៏មានតម្លៃ មានន័យថាជាអង្គរទី២ បន្ទាប់ពីអង្គរទី១ដែលសាងសង់ដោយបុព្វបុរសខ្មែរទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយបន្តថែរក្សា។ ជាមួយនេះ ឯកឧត្តមបានលើកឡើងអំពីការវិវត្តនៃវិស័យស្ថាបត្យកម្មខ្មែរជាច្រើនដំណាក់កាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលតម្រូវឱ្យយើងត្រូវរួមគ្នាពិភាក្សាប្រែក្លាយវិស័យនេះឱ្យមានភាពល្អប្រសើរឡើងថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឱ្យត្រិះរិះពិចារណាពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់យោបល់ថាតើនាពេលអនាគតយើងចង់ឱ្យកម្ពុជាក្លាយជាប្រទេសបែបណា ព្រោះទាំងអស់គ្នាដែលមានវត្តមាននៅពេលនេះសុទ្ធសឹងជាកោសិកាដ៏សំខាន់នៃសង្គម មានតួនាទីភារកិច្ចចូលរួមជំរុញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ រួមចំណែកក្នុងការរៀបចំទីក្រុងឱ្យបានត្រឹមត្រូវសម្រាប់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
ទាក់ទិននឹងគោលនយោបាយនេះ ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់មួយចំនួនដើម្បីពិនិត្យមើលថាតើយើងមានបទដ្ឋាន និងបទប្បញ្ញត្តិគ្រប់គ្រាន់ហើយឬនៅ ដើម្បីពត់នូវផ្នត់គំនិតក្នុងការសាងសង់តទៅមុខទៀត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនខ្មែរមានសុភមង្គលក្នុងការរស់នៅ និងត្រូវគិតគូរអំពីអភិបាលកិច្ចនិងយន្តការនៃការគ្រប់គ្រងសំណង់ដែលធានាបាននូវសុវត្ថិភាព មានគុណភាពនិងសោភណភាពផងដែរ៕