ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសជាអណ្ដូងមាសសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងទន្លេសាប
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស ជាអណ្ដូងមាសសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋ និងបានណែនាំឱ្យអាជ្ញាធរត្រូវជួយជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើន ដែលអាចបង្កើតការងារ និងប្រាក់ចំណូល ដើម្បីជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងទន្លេសាប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារចុះបញ្ជីដីក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបឱ្យបានជាក់លាក់ ចៀសវាងប្រឈមនឹងការបាត់បង់។ ចំណុចពិសេសក្នុងការរក្សាអាយុជីវិតរបស់បឹងទន្លេសាប គឺការរក្សារបបទឹកនិងព្រៃលិចទឹក ពីព្រោះបឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសម្រាប់ប្រទេសជាតិ ដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប៕