ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថានេះជាលើកទី៤ហើយដែលសមាគមជប៉ុន-កម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ លោកសង្កេតឃើញថាកម្ពុជាបានអភិវឌ្ឍជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ។ លោកបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគពីក្រុមហ៊ុននានារបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានចាត់ទុកថានេះជាពេលវេលាដែលខុសប្លែកពីទស្សនកិច្ចលើកមុនហើយក៏ជាទស្សនកិច្ចដែលប្រកបដោយឱកាសជាច្រើនសំរាប់សមាគមជប៉ុន-កម្ពុជា។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគ្រោងនឹងរៀបចំសន្និបាតប្រចាំឆ្នាំនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺនេះជាពេលវេលាប្រកបដោយមោទនភាពរបស់ឯកឧត្តមផ្ទាល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ។
នាឱកាសនោះ ឯកឧត្តមបានលើកឡើងពីលទ្ធផលការងារជាអាទិភាពរបស់ក្រសួងដែលបានអនុវត្តកន្លងមក ក្នុងនោះមានការចុះបញ្ជីដីធ្លីដែលមកដល់ពេលនេះនៅទូទាំងប្រទេសសម្រេចបានជាង ៣លានក្បាលដី និងនៅសល់ត្រឹមតែប្រមាណជា ៥០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់រួចរាល់ជាស្ថាពរ ហើយនេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលបានបញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស។
ចំពោះបញ្ហាវិវាទដីធ្លីមកដល់ពេលនេះ គឺបានដោះស្រាយអស់មកនៅសល់ត្រឹមក្រោម ១ ០០០ករណីប៉ុណ្ណោះដែលកាលពីមុនមានដល់ជាង ១ម៉ឺន៥ពាន់ករណី។ រីឯសេវាសុរិយាដី និងសេវាសំណង់ គឺយើងបានប្រែក្លាយមកជាប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។
ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ការងារដែលក្រសួងបានធ្វើនាពេលនេះ បានបង្កើតបរិយាកាសគ្មានវិវាទជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោយពីបានរួចរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឱកាសវិនិយោគថ្មីសំរាប់ជប៉ុនលើវិស័យមួយចំនួន ដូចជានៅខេត្តព្រះសីហនុនឹងមានការពង្រីកផែ ដោយមានមហិច្ឆតានឹងប្រែក្លាយផែនេះឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី។
ជាមួយនេះ ឯកឧត្តមក៏បានលើកឡើងអំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏ជាកន្លែងដ៏សំខាន់មួយសំរាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀតដែលជប៉ុនអាចចូលរួមសហការបានក្នុងការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះគឺដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជាប្រព្រឹត្តទៅដោយរលូនទៅមុខ ដោយសង្ឃឹមថានឹងរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ៕