មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ។
ទាក់ទងការចុះបញ្ជីដីធ្លីកន្លងមក មន្ទីរ ដ.ន.ស.ស. ខេត្តមណ្ឌលគិរី បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០ ៣២៣បណ្ណ ស្មើនឹងទំហំ ៨៩ ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១ ៤៣៩ហិកតា ស្មើនឹង ១៨% ។
ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព (សហគមន៍ជនជាតិដើមភាគតិច) ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ០៧សហគមន៏ បានលើកសំណើសុំអនុបយោគចំនួន ០៨សហគមន៏ (ក្រសួងបរិស្ថានបានឆ្លើយតបរួចចំនួន ៧ ប៉ុន្តែសហគមន៏ទាំង ៧ នេះ មិនព្រមទទួលយកតាមទំហំផ្ទៃដីដែលក្រសួងបរិស្ថានអនុញ្ញាត ដោយហេតុថា ការផ្តល់ជូននេះ មានទំហំតូចជាងទំហំដែលសហគមន៍បានស្នើសុំ) និងមានសហគមន៏ដែលកំពុងដំណើរការចុះបញ្ជីចំនួន ១២ ។
ចំពោះទិសដៅការងារបន្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នឹងបន្តការចុះបញ្ជីដី ផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្របតាមបទដ្ឋានគតិយុត្ត បន្តការងារចុះបញ្ជីដីរដ្ឋ បន្តជម្រុញការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលតម្កល់នៅមន្ទីររៀបចំដែនដីខេត្តមណ្ដលគិរី បន្តអនុវត្តការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងចុះបញ្ជីប្រាតិភោគ តាមការដាក់ស្នើសុំរបស់ប្រជាពលរដ្ឋឱ្យបានរហ័សគាប់ចិត្ត និងបន្តជម្រុញដោះស្រាយវិវាទដីធ្លីបន្ថែមទៀត។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៦ វិច្ឆិកា ២០២៤