ចំពោះការងារនគរូបនីយកម្ម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀតដែរ
ចំពោះការងារនគរូបនីយកម្ម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀតដែរ រួមមាន៖
– ស្នើឱ្យក្រសួងប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និងផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និងមានភាតរភាពជាបងប្អូន។
– បន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់ សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ ការរស់នៅ ការប្រកបការងារ និងការកម្សាន្ត តាមរយៈការៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។
គួរគូសបញ្ជាក់ថា សម្តេចធិបតីទើបតែចុះហត្ថលេខាលើ សេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម សាយ សំអាល់ ជាសហប្រធាន ដឹកនាំការងារនេះ។ លើកិច្ចការនេះ សម្តេចស្នើ ឯកឧត្តម លោកជំទាវ ជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ចូលរួមឱ្យបានសកម្ម ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការប្លង់គោលប្រើប្រាស់ដី ការរៀបចំទីក្រុង ទីប្រជុំជនកម្ពុជា សម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជន គ្រប់រូប អាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ។
អនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២៦ វិច្ឆិកា ២០២៤