ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយល់ទុក្ខលំបាករបស់វិស័យឯកជន មានភាពសំខាន់ក្នុងការដាក់ចេញវិធានការសមស្រប
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការយល់ទុក្ខលំបាករបស់វិស័យឯកជន មានភាពសំខាន់ណាស់ក្នុងការដាក់ចេញនូវវិធានការសមស្រប ។
“ក្តាប់ជាប់នូវសំណូមពរ និងផលលំបាកនានារបស់វិស័យឯកជន គឺមានសារៈសំខាន់ណាស់ក្នុងការដាក់ចេញនូវវិធានការសមស្រប ដើម្បីជួយទ្រទ្រង់វិស័យនេះ”។ នេះជាប្រសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងកិច្ចប្រជុំជីវភាពជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើសំណូមពរ និងស្វែងរកដំណោះស្រាយរួមគ្នារវាងរាជរដ្ឋាភិបាល និងឯកជនលើកទី១៩ កាលពីថ្ងៃទី១៦ ខែតុលា ២០២៣កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ៖
“ការបង្កើតយន្តការដៃគូ វិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ពិគ្រោះយោបល់ និងពិនិត្យដោះស្រាយការងាររួមគ្នាលើឧស្សាហកម្មអចលនទ្រព្យមានភាពចាំបាច់ដែលយើងត្រូវពិនិត្យឱ្យបានឆាប់បំផុត។ រាល់បញ្ហាប្រឈម និងសំណូមពរនានា ដែលលើកដោយវិស័យឯកជនទទួលយកទាំងអស់ នឹងពិនិត្យដោះស្រាយ”។
យ៉ាងណាមិញ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលលើកឡើងដោយផ្នែកឯកជន ដើម្បីត្រៀមក្នុងការរៀបចំសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលគ្រោងប្រារព្ធឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
គួរឱ្យដឹងដែរថា កិច្ចប្រជុំរវាងរដ្ឋាភិបាល និងវិស័យឯកជននេះ មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន តំណាងសមាគមអ្នកសាងសង់កម្ពុជា តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ៕