ក្រសួងរៀបចំដែនដី នឹងបង្កើតក្រុមប្រឹក្សាជាតិមួយ ដើម្បីធ្វើជាស្ពានតភ្ជាប់ពីក្រសួងជំនាញទៅកាន់ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត សំដៅផ្តល់សេវាលឿនរហ័ស តម្លាភាព និងប្រសិទ្ធភាព
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំឱ្យមានក្រុមប្រឹក្សាជាតិមួយដែលប្រមូលផ្ដុំគណៈកម្មាការជាច្រើនឱ្យនៅកន្លែងតែមួយ រួមមានផ្នែកសុរិយាដី នគរូបនីយកម្ម និងសំណង់ សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងបទប្បញ្ញត្តិសំណង់ជាដើម ដើម្បីជំរុញការងារសម្បទានដីសង្គមកិច្ច ពិសេសការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ ហៅកាត់ថា LASED III។
ថ្លែងនាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ត ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការរៀបចំក្រុមប្រឹក្សានេះ គឺធ្វើឡើងដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED lll) ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រុមប្រឹក្សាជាតិគឺជាស្ពានតភ្ជាប់ពីក្រសួងជំនាញទៅកាន់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលខេត្ត សំដៅផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្តជូនប្រជាពលរដ្ឋ។ ប្រសិនបើស្ថាប័នពាក់ព័ន្ធតាមបណ្ដាខេត្ត មានសំណូមពរ ឬសំណើ គាត់អាចបញ្ជូនតាមរយៈក្រុមប្រឹក្សាជាតិនេះ មកកាន់ក្រសួង ដើម្បីធ្វើការសម្របសម្រួល។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបង្កើនកិច្ចសហការឱ្យកាន់តែស្អិតរមួតជាមួយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅតាមបណ្ដាខេត្តគោលដៅឱ្យទទួលបានជោគជ័យ និងសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយ JICA ដើម្បីជួយជំរុញការងារអនុវត្តគម្រោងនានាមួយចំនួនទៀតនៅតាមបណ្តាខេត្ត។
គម្រោង LASED III បង្កើតឡើងក្នុងគោលបំណងផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី សេវាសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសមស្របជូនដល់កសិករ និងសហគមន៍តូចៗនៅក្នុងទីតាំងគម្រោង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍ និងកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម និងរូបវ័ន្ត និងការលើកកម្ពស់ការប្រកបមុខរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៨ វិច្ឆិកា ២០២៣