ប្រមុខរាជរដ្ឋាភិបាល ចាត់ទុកសហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្គការមហាជនមួយដែលជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយស ស.ស.យ.ក. យល់ឃើញថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនមួយ ដែលជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងនាកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ស.ស.យ.ក. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងថាលទ្ធផលការងារ ដែល ស.ស.យ.ក សម្រេចបានកន្លងមកគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នាដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងតែបានកោតសរសើរ និងលើកទឹកចិត្ត ជាពិសេសគឺ ស.ស.យ.ក. រាជធានីភ្នំពេញនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះគឺដើម្បីបានស្ដាប់នូវបទបង្ហាញនៃកម្មវិធីសកម្មភាពការងារដែល ស.ស.យ.ក បានធ្វើកន្លងមកនៅក្នុងរាជធានីភ្នំពេញ ហើយឯកឧត្តមក៏មានបំណងចង់ឱ្យ ស.ស.យ.ក រាជធានីភ្នំពេញបោះជំហានឈានទៅមុខបន្ថែមទៀតពីលើអ្វីដែលធ្លាប់បានធ្វើកន្លងមក។
កម្មវិធីទាំងអស់របស់ស.ស.យ.ក. រាជធានីភ្នំពេញ គឺបាននិងកំពុងបណ្ដុះស្មារតី ក៏ដូចជាបង្ហាត់បង្ហាញយុវជនទាំងចំណេះ ជំនាញ និងបំណិនជីវិតដល់យុវជនកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រជាជនសកល។ ឯកឧត្តមចង់ឱ្យសមាជិក សមាជិកា ស.ស.យ.ក រាជធានីភ្នំពេញទាំងអស់ពង្រឹងសមត្ថភាព និងមានភាពក្លាហាន ចាប់ផ្ដើមសាកល្បងអនុវត្តនូវកិច្ចការថ្មីៗជាប្រយោជន៍ដល់សង្គមជាតិ សំដៅរួមគ្នាកសាងអនាគតប្រទេសជាតិមួយឱ្យកាន់តែរុងរឿង៕