ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា
(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តមប្តេជ្ញាថានឹងបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពតនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មើលឃើញពីសក្តានុពលតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលត្រូវរួមគ្នាអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឱ្យខ្មែរអាចរស់បាន មានន័យថាធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីសច្ចភាពជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់បានជួបប្រទះជាច្រើនដំណាក់កាល និងស្ថានការណ៍នយោបាយពិភពលោក ដូចជាវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម ដោយបញ្ជាក់ថាការឯកភាពគ្នា ការរួបរួមសាមគ្គីគ្នា គឺពិតជានឹងធ្វើឱ្យប្រទេសជាតិក៏ដូចជាពិភពលោកមានសុខសន្តិភាព និងភាពរីកចម្រើន គ្មានការបែកបាក់ ហើយប្រជាជននឹងរស់នៅប្រកបដោយភាពសុខដុមរមនា។
កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ហើយអត្ថន័យនៃសុខសន្តិភាពនេះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែរជារៀងរហូត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប មានស្នាមញញឹម មានសុខភាពល្អ ដោយចេះធ្វើលំហាត់ប្រាណ ដើម្បីសុខភាព ចង់ឃើញកូនចៅប្រជាពលរដ្ឋក្នុងខេត្តនេះបានចូលសិក្សា និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា ដូច្នេះទាំងអស់គ្នាត្រូវមានការឯកភាពគ្នា សហការគ្នាអនុវត្តតាមតួនាទីភារកិច្ចដើម្បីឱ្យគោលដៅរួមនេះសម្រេចបានជោគជ័យ ជាប្រយោជន៍សម្រាប់ខេត្ត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕