ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
(ព្រះសីហនុ)៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ។
ឯកឧត្តមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញា ក្នុងការដឹកនាំខេត្ត ក៏ដូចជាការខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលសម្ពោធនាពេលនេះ។
សមិទ្ធផលទាំងឡាយនៅក្នុងខេត្តព្រះសីហនុ បានឆ្លើយតបយ៉ាងសកម្មទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឬតំបន់ឆ្នេរ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ជាកន្លែងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ជាទីក្រុងងាយស្រួលរស់នៅ និងមានសេដ្ឋកិច្ចខ្លាំង។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃជិត ២០លានដុល្លារបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Xwater technology Co. LTD ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតួនាទីបន្សុទ្ធទឹកកខ្វក់ ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅសមុទ្រ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ម៉ែត្រគូបក្នុង ១ថ្ងៃ ស្ថានីយទី២ មានសមត្ថភាព ៧ ២០០ម៉ែត្រគូបក្នុង១ថ្ងៃ និងទី៣ ២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងនេះប្រើបច្ចេកវិទ្យាចុងក្រោយរបស់ MABR ដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ៕