កម្ពុជា ឥណ្ឌូនេស៊ី ស្វែងរកឱកាសវិនិយោគ និងអភិវឌ្ឍមូលធនមនុស្សលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមឯកអគ្គរដ្ឋទូត បង្ហាញការប្ដេជ្ញាចិត្តថានឹងរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែរឹងមាំ ជាពិសេសធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា វិនិយោគិនឥណ្ឌូនេស៊ីមួយចំនួនកំពុងចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាជាពិសេសលើវិស័យសំណង់ និង ស្នើដល់ក្រសួងក្រសួងរៀបចំដែនដី សិក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងដីធ្លីរបស់ឥណ្ឌូនេស៊ី។
ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បញ្ជាក់ថា សម្រាប់កម្ពុជា ឥណ្ឌូនេស៊ីគឺជាដៃគូដ៏ជិតស្និទ្ធមួយ និងមានទំនាក់ទំនងមិត្តភាពដ៏ល្អជាយូរអង្វែងមកហើយនៅក្នុងតំបន់អាស៊ី ដូច្នេះឯកឧត្តមនឹងបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ឯកឧត្តមជឿជាក់ថា ក្រសួងរៀបចំដែនដីរបស់កម្ពុជា និងក្រសួងដីធ្លីរបស់ឥណ្ឌូនេស៊ី នឹងមានកិច្ចការជាច្រើនដែលអាចធ្វើរួមគ្នាក្នុងនាមជាដៃគូសហការដ៏ល្អ ពិសេសការរៀបចំវគ្គបណ្ដុះបណ្ដាលជូនមន្ត្រីរាជការនៃក្រសួងទាំងពីរ លើវិស័យរៀបចំដីធ្លី ការរៀបចំក្រុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យទេសចរណ៍ ព្រមទាំងរៀបចំជំនួបរវាងអ្នកវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី៕