ខេត្តកោះកុង បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ
(កោះកុង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់ចំពោះខេត្តកោះកុង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែរឹងមាំ។ ផ្អែកលើមូលដ្ឋាននេះ មន្ត្រីសុរិយោដី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទដីធ្លី និងផ្តល់សេវាគាប់ចិត្តជូនប្រជាជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកោះកុង នៅសាលាខេត្តកោះកុង នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម បានជំរុញដល់រដ្ឋបាលខេត្តកោះកុង ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំក្រុង បង្កើនសោភ័ណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដោយផ្ដល់នូវជម្រើសនៃការស្នាក់នៅលំហែកាយប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់អ្នកទេសចរណ៍។ លើសពីនេះ ត្រូវស្គាល់ឱ្យបានច្បាស់អំពីឧត្តមប្រយោជន៍សេដ្ឋកិច្ច និងសក្តានុពលរបស់ខេត្តកោះកុង ដើម្បីជំរុញការអភិវឌ្ឍឱ្យចំទិសដៅ និងរួមគ្នាប្រែក្លាយជនបទរបស់ខេត្តកោះកុងឱ្យទៅជាបុរីជនបទ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ធ្វើអាជីវកម្ម និងប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ។
បច្ចុប្បន្នខេត្តកោះកុង នៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦ ៦៨២ក្បាលដី ក្នុងភូមិចំនួន ៦១ នៃ ១៧ ឃុំ ៦ ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យសម្រេចជោគជ័យតាមផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ដើម្បីបន្តជំរុញការងារចុះបញ្ជីដីធ្លី ឯកឧត្តម សាយ សំអាល់ បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង រួមមាន៖ កុំព្យូទ័រ Desktop ៤ គ្រឿង និងកុំព្យូទ័រយួរដៃ ៧គ្រឿងរួមជាមួយសម្ភារៈបំពាក់ និងម៉ាស៊ីនស្គេន ៦ គ្រឿង៕