ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្មសំណង់ និងនគរូបនីយកម្មនៅកម្ពុជា
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីត្រួសត្រាយផ្លូវទៅមុខសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយអ្វីដែលក្រសួងបានអនុវត្តកន្លងមក គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង ប៉ុន្តែតទៅមុខទៀត នៅមានកិច្ចការលំបាកស្មុគស្មាញជាច្រើនទៀតដែលត្រូវរួមគ្នាអនុវត្ត។ ក្នុងន័យនេះ យើងត្រូវស្វែងរកវិធីសាស្រ្តរួម ដើម្បីសម្រួចការអនុវត្តការងារឱ្យចំទិសដៅដែលក្រសួងបានកំណត់ និងស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយយើងនឹងត្រូវបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្មសំណង់ និងនគរូបនីយកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំកំណត់ភារកិច្ច និងទិសដៅការងាររបស់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានបំណងចង់ឱ្យវិស័យសំណង់នៅកម្ពុជាពោរពេញដោយជីវិតរស់រវើក និងចង់ឱ្យទីក្រុងប្រកបទៅដោយវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យគិតគូរដល់ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ដែលនឹងមានតម្រូវការច្រើននាពេលខាងមុខ។
នាឱកាសនេះ ឯកឧត្តម បានជំរុញដល់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ត្រូវត្រៀមខ្លួនក្នុងការរៀបចំបទបញ្ញត្តិផ្សេងៗទាក់ទងនឹងសំណង់ និងត្រៀមខ្លួនអនុវត្តការងារជាច្រើនទៀតនាពេលខាងមុខស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន និងស្របតាមផែនការដែលក្រសួងបានកំណត់សំដៅជំរុញឱ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានភាពរីកចម្រើន៕