ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំពិភាក្សាករណីសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
(ភ្នំពេញ)៖ តំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនគ្រាន់តែជាទីប្រវត្តិសាស្ត្រនៃការសម្លាប់ប្រជាជនស្លូតត្រង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែជាទីតាំងសាក្សីនៃឧក្រិដ្ឋកម្មមនុស្សជាតិមួយ ដែលដាស់តឿនក្រើនរំលឹកដល់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាកុំឱ្យឆ្លងកាត់ ឬវិលត្រលប់រកឧក្រិដ្ឋកម្មដ៏សាហាព្រៃផ្សៃនេះម្ដងទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធករណីសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
យើងត្រូវកំណត់ឱ្យបានជាក់លាក់នូវសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះដោយត្រូវគិតគូរពិចារណាវែងឆ្ងាយពីព្រោះការសម្រេចចិត្តនាពេលនេះនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបន្តថាកម្ពុជាជាប្រទេសមួយដែលងើបចេញពីថ្លុកឈាមនិងគំនរឆ្អឹងផេះផង់នៃសង្គ្រាម ដូច្នេះរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបញ្ជៀសកុំឱ្យមានសោកនាដកម្មដ៏អាក្រក់ឃោរឃៅនេះកើតមានជាថ្មីម្ដងទៀត។
រាល់សំណង់ជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ លើសពីនេះ គឺត្រូវធ្វើការយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស៕