ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ “ធនធានមនុស្សរបស់កម្ពុជាកាន់តែរឹងមាំ សម្បូរបែប និងវាងវៃ”
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ថាបច្ចុប្បន្នធនធានមនុស្សរបស់កម្ពុជាគឺកាន់តែមានភាពរឹងមាំ សម្បូរបែប និងវាងវៃ ដែលទាំងនេះគឺជាក្តីសង្ឃឹមសម្រាប់អនាគតរបស់ប្រទេសជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនីតិសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលត្រៀមចូលរួមកម្មវិធីប្រកួតសវនាការប្រតិដ្ឋ ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ និងនិស្សិតចុះកម្មសិក្សាស្រាវជ្រាវស្ដីពីយន្តការចុះបញ្ជីដីរដ្ឋនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលមានភាពអង់អាចក្លាហាន ក្នុងការចាកចេញពីប្រទេសកំណើតរបស់ខ្លួនទៅស្វែងរកបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតនៅក្រៅប្រទេស។ កត្តាទាំងនេះបង្ហាញឱ្យឃើញពីភាពចាស់ទុំ និងភាពម្ចាស់ការឯករាជ្យរបស់និស្សិត។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំដល់និស្សិតកុំឱ្យមានភាពអំនួតក្រអឺតក្រទម តែយកឱកាសនេះបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ឯកឧត្តមស្វាគមន៍និស្សិតទាំងអស់ប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពដែលខ្លួនមាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយគ្នា ពិសេសការផ្ដល់យោបល់ផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពេលពួកគេត្រលប់មកពីប្រទេសហូឡង់វិញ៕