ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តអនុវត្តការងារនគរូបនីយកម្ម រៀបចំប្លង់គោលទីប្រជុំជនទាំងអស់ឱ្យបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧នេះ
(ស្វាយរៀង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការងារដែលត្រូវអនុវត្តបន្តពីការងារវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនោះគឺការងារនគរូបនីយកម្ម ដែលក្រសួងនឹងរៀបចំប្លង់គោលទីប្រជុំជនទាំងអស់ឱ្យបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧ នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៣៤៩ បណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្មី ភូមិសណ្តោ ភូមិត្រពាំងស្មាច់ ភូមិដក់ពរ ភូមិព្រែករមៀត និងភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបានថ្លែងអំណរគុណដល់ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឯកឧត្តមអភិបាលខេត្ដ ដែលបានដឹកនាំយ៉ាងត្រឹមត្រូវក្នុងការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្តជូនប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ និងអាជ្ញាធរដែនដី ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរជាពិសេសក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យមានកិច្ចសហការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ ដើម្បីសម្រេចជោគជ័យថ្មីៗបន្តទៀតលើការងារវាស់វែងដីធ្លី ចេញបណ្ណកម្មសិទ្ធិ ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤៕