កម្ពុជាជាប្រទេសតូច ប្រជាជនតិច សេដ្ឋកិច្ចតូច ដូច្នេះប្រសិនបើមានការខ្វែងគំនិតគ្នានោះអ្នកដែលខាតបង់ផលប្រយោជន៍ធំជាងគេគឺប្រជាជន
ព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ប្រជាជនតិច សេដ្ឋកិច្ចតូច ដូច្នេះប្រសិនបើមានការខ្វែងគំនិតគ្នានោះអ្នកដែលខាតបង់ផលប្រយោជន៍ធំជាងគេគឺប្រជាជន។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវរួបរួមគ្នាជ្រោងទង់សាមគ្គីឯកភាពជាតិផ្ទៃក្នុងឱ្យបានល្អ និងចូលរួមលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ។
ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នាព្រឹកថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រដ្ឋបាលខេត្តដែលបានជួយសម្រួលដល់ដំណើរការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឱ្យប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ អំឡុងពេលឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ដែលទាំងនេះបញ្ជាក់ឱ្យឃើញអំពីសមត្ថភាព និងការទទួលខុសត្រូវរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ក្នុងការធានានូវដំណើរការបោះឆ្នោតនៅកម្ពុជាឱ្យមានភាពត្រឹមត្រូវ យុត្តិធម៌ រលូន និងមានតម្លាភាព ដែលនេះជាមោទនភាពថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។
តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្តថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន៕