ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន
ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវលើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្ម រាជធានី ខេត្ត ក្រុង នារសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីជំនឿជឿជាក់ថាសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន ប្រសិនបើប្រជាជនកម្ពុជាជាប្រជាជនឆ្លាតវៃ ដែលស្គាល់ពីខ្លួនឯងស្គាល់ពីអ្វីដែលនៅជុំវិញខ្លួន និងពិភពលោក។ ឯកឧត្តមបន្តថា បើយើងមិនអាចបំពេញតាមចំណុចទាំងនេះទេនោះយើងនឹងអាចធ្លាក់នៅក្នុងអន្លង់កលល្បិចនៃភូមិសាស្ត្រនយោបាយម្ដងហើយម្ដងទៀត។ ពិភពលោកតែងតែមានការវិវត្តន៍ជានិច្ច ដូច្នេះឯកឧត្តមជឿជាក់លើបុរេសកម្មរបស់ប្រជាជនកម្ពុជា មានន័យថាមិនមែនតែបុរេសកម្មរបស់គណបក្សប្រជាជនកម្ពុជារឺរាជរដ្ឋាភិបាលនោះទេ គឺរបស់ទាំងអស់គ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាក្នុងពេលដែលឯកឧត្តមមកកាន់តំណែងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ ឯកឧត្តមមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យដែលទាក់ទងនឹងការរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង ក៏បានទទួលយក និងបានគាំទ្រនូវអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី។
ទស្សនៈទានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គឺផ្ដើមចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ចេញ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកគោលនយោបាយទាំងនេះមកដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចំណុចអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើរបាយការណ៍ដាក់ជូនសម្ដេចធិបតីដែលមាន ៣ចំណុចសំខាន់ គឺសមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី ដើម្បីជំរុញឱ្យការងារធ្វើកំណែទម្រង់មុខងារសាធារណៈទទួលបានជោគជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីសច្ចភាពប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាដែលបានឆ្លងកាត់ជាច្រើនដំណាក់កាល និងគុណតម្លៃរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិតាមរយៈគំនិតផ្ដួចផ្ដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមរតកសន្តិភាពដោយ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរដល់អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដែលមានសមត្ថភាព និងទេពកោសល្យដោយបានខិតខំសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ខ្លួនឯង ស្វែងយល់ពីខ្លួនឯងដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងគម្រោងស្រាវជ្រាវលើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង អោយកាន់តែល្អប្រសើរ។