លោកជំទាវអនុរដ្ឋលេខាធិការ ភឹម រុនស៊ីណារតន៍ អញ្ជើញចូលរួមទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ស្នើឱ្យអ្នកសារព័ត៌មានត្រូវដើរតួនាទីជាអ្នកផ្សព្វផ្សាយ តែមិនមែនតុលាការ នៅពេលផ្សាយពីបញ្ហាហើយ ត្រូវបានស្ថាប័ន ឬអ្នកពាក់ព័ន្ធដោះស្រាយ អ្នកសារព័ត៌មានគួរផ្សព្វផ្សាយវិញ ថាបញ្ហាបានដោះស្រាយហើយ។ ជាមួយគ្នាដែរ ស្ថាប័នព័ត៌មានត្រូវមានការទទួលខុសត្រូវ គឺហ៊ានធ្វើការកែតម្រូវ នៅពេលផ្សព្វផ្សាយខុស និង រួមគ្នាលុបបំបាត់ Fake News។
បន្ថែមលើនេះ រាល់បញ្ហាដែលលើកឡើងពីពលរដ្ឋ ក្រសួងស្ថាប័នត្រូវចេញទៅបកស្រាយ ពន្យល់ និងបំភ្លឺ ក្នុងករណីដោះស្រាយហើយ បើមិនទាន់ដោះស្រាយ ត្រូវដោះស្រាយ ហើយផ្សព្វផ្សាយឱ្យពលរដ្ឋបានជ្រាប។ អ្នកសារព័ត៌មាន គួរចូលរួមកិច្ចការ បំផុសទឹកចិត្ត ចលនាស្រលាញ់ជាតិ ការអភិវឌ្ឍប្រទេស ឱ្យពលរដ្ឋគាំទ្រអ្វីដែលជាប្រយោជន៍ជាតិ។
ដើម្បីឱ្យអំណាចទី៤ មានឥទ្ធិពល ត្រូវធ្វើឱ្យមានតម្លៃ មានការជឿទុកចិត្ត ផ្សាយព័ត៌មានឱ្យមានសុក្រឹតភាព ក្រមសីលធម៌វិជ្ជាជីវៈ ហើយគួរអនុវត្តអភិក្រមទាំង៥ ដែលរួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។


