ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមជណ្តើរយន្ត PALEA រៀបចំសិក្ខាសាលាស្ដីពីការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកទេសជណ្ដើរយន្ត ដើម្បីបង្កើនការយល់ដឹងពីវិស័យសំណង់ និងជំរុញឱ្យវិស័យនេះមានការរីកចម្រើនជាងមុន
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយសមាគមជណ្តើរយន្ត PALEA រៀបចំសិក្ខាសាលាស្ដីពីការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកទេសជណ្ដើរយន្តតាមរយៈការពង្រឹងការអនុវត្តនិងសុខដុមនីយកម្មនៃបទប្បញ្ញត្តិនិងបទដ្ឋានបច្ចេកទេស ដើម្បីបង្កើនការយល់ដឹងពីវិស័យសំណង់និងជំរុញឱ្យវិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនជាងមុន។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីបច្ចេកទេសជណ្ដើរយន្តតាមរយៈការពង្រឹងការអនុវត្តនិងសុខដុមនីយកម្មនៃបទប្បញ្ញត្តិនិងបទដ្ឋានបច្ចេកទេស ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់សមាគមជណ្ដើរយន្តPALEA ដែលបានចូលរួមសហការជាមួយក្រសួងក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ក្នុងវិស័យសំណង់នេះឡើង និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសថ្នាក់ដឹកនាំដែលទទួលបន្ទុកលើវិស័យសំណង់និងលិខិតបទដ្ឋានគតិយុត្ត ដែលបានលះបង់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងក្នុងការបំពេញការងារទាក់ទិននឹងវិស័យសំណង់និងខិតខំប្រឹងប្រែងរៀបចំអោយមានភាពរៀបរយក្នុងវិស័យសំណង់។
ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំឱ្យមានឯកសារគោលមួយសម្រាប់ប្រើប្រាស់ជាស្តង់ដារនៅកម្ពុជា និងអរគុណដល់អគ្គនាយកដ្ឋានសំណង់និងមន្ទីរពិសោធន៍ជាតិសំណង់ដែលបានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដើម្បីជំរុញឱ្យវិស័យសំណង់នៅកម្ពុជាមានការរីកចម្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កម្ពុជាជាប្រទេសដែលទើបតែងើបចេញផុតពីថ្លុកឈាមគំនរឆ្អឹងផេះផង់នៃសង្គ្រាម ដូច្នេះហើយយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នារៀបចំកសាងប្រទេសជាតិឱ្យមានដំណើរការល្អឡើងវិញលើគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសិក្ខាសាលានាពេលនេះថាជាមោទនភាពមួយសម្រាប់ទាំងអស់គ្នា និងបានបញ្ជាក់ថា នៅក្នុងវិស័យសំណង់ ឯកឧត្តមបានដាក់ចេញនូវគោលការណ៍៣គឺ :
១. ធានាឱ្យបាននូវសោភណភាពសំណង់ ដោយត្រូវបំពាក់នូវវិចិត្រសិល្បៈនៃស្ថាបត្យកម្មក្នុងអគារ រួមទាំងការចាត់ចែងនិងប្រើប្រាស់លំហក្នុងអគារឱ្យបានត្រឹមត្រូវ។
២. ធានាបាននូវសុវត្ថិភាពសំណង់: តួយ៉ាងទាក់ទិននឹងជណ្តើរយន្ត ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសជណ្តើរយន្តអោយបានត្រឹមត្រូវដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
៣.ធានាបាននូវគុណភាពសំណង់សំរាប់ការប្រើប្រាស់បានយូរអង្វែង ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់សមាគមជណ្ដើរយន្តឱ្យផលិតជាវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គមដើម្បីបញ្ជ្រាបការយល់ដឹងទាក់ទិននឹងវិស័យសំណង់ក៏ដូចជាបច្ចេកទេសនៃការប្រើប្រាស់ជណ្ដើរយន្តឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងទូលំទូលាយផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំក្រសួងក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យផ្លាស់ប្ដូរផ្នត់គំនិតលើវិស័យសំណង់ និងរួមគ្នារៀបចំសិក្ខាសាលាបែបនេះបន្តទៀតដើម្បីលើកតម្កើងការយល់ដឹងពីវិស័យសំណង់ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានការរីកចម្រើនជាងមុន៕










