ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល លើសេចក្តីព្រាងប្រកាសស្ដីពីបទបញ្ញត្តិបច្ចេកទេសសំណង់ ដើម្បីឱ្យមានភាពត្រឹមត្រូវទាំងនយោបាយ សង្គម និងស្របតាមភាពជាក់ស្តែងរបស់ប្រទេសជាតិ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល លើសេចក្តីព្រាងប្រកាសស្ដីពីបទបញ្ញត្តិបច្ចេកទេសសំណង់ ដើម្បីឱ្យមានភាពត្រឹមត្រូវទាំងនយោបាយ សង្គម និងស្របតាមភាពជាក់ស្តែងរបស់ប្រទេសជាតិ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល លើសេចក្តីព្រាងប្រកាសស្ដីពីបទបញ្ញត្តិបច្ចេកទេសសំណង់ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានចំណាយពេលវេលាខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តនិងប្រាជ្ញា ជាអ្នកមានឧបនិស្ស័យនិងវិន័យក្នុងការងារ ដែលបានចូលរួមសិក្សានិងដាក់ចេញត្រឡប់មកវិញនូវគោលការណ៍ទាក់ទិននឹងលិខិតបទដ្ឋានគតិយុត្តិ បទបញ្ញត្តិបច្ចេកទេសសំណង់ ដែលមានភាពត្រឹមត្រូវទាំងនយោបាយ សង្គម និងស្របតាមភាពជាក់ស្តែងសំរាប់ប្រទេសជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដំណើរនៃប្រវត្តិសាស្រ្តដែលកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលកន្លងមក គឺជាចន្លុះបំភ្លឺផ្លូវសំរាប់យើងធ្វើដំណើរទៅមុខប្រកបដោយភាពត្រឹមត្រូវនៅគ្រប់ជំហាន។ រាល់ការតាក់តែងលិខិតបទដ្ឋានគតិយុត្តនិងបទបញ្ញត្តិផ្សេងៗទាក់ទិននឹងសំណង់គឺត្រូវយកចំណេះដឹងជាគោល បូកផ្សំជាមួយនឹងការពិនិត្យមើលលើភាពជាក់ស្តែងរបស់ប្រជាជននិងប្រទេសជាតិ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យមានការបញ្ជូនវិស្វករនិងស្ថាបត្យករកម្ពុជាទៅធ្វើការងារនៅក្រៅប្រទេសដូចជាប្រទេសសិង្ហបុរីជាដើម ដើម្បីទទួលបានប្រាក់ចំណូលនិងបទពិសោធន៍ថ្មីៗទាក់ទិននឹងវិស័យសំណង់ ហើយនឹងអាចយកចំណេះដឹងទាំងនោះមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អង្គសិក្ខាសាលាគួរគិតគូរអំពីអត្ថប្រយោជន៍នៃគ្រឿងបង្គុំសំណង់ និងទិដ្ឋភាពរួម ផ្សេងទៀតលើសពីកិច្ចការសំណង់ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងនិងប្រទេសជាតិឱ្យបានរឹងមាំ ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវិតរស់នៅល្អប្រសើរតាមរយៈវិស័យសំណង់ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ដល់នូវមាគ៌ានិងគោលការណ៍ជាក់លាក់ ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ អាចរស់បានដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រទេសដទៃ និងរស់បានជារៀងរហូតតជំនាន់៕










