រាជរដ្ឋាភិបាលបើកកិច្ចប្រជុំអន្តរក្រសួង ជំរុញការជីកស្ដារប្រព័ន្ធធារាសាស្ត្រ និងការពង្រីកបណ្ដាញទឹកស្អាតក្នុងខេត្តព្រះសីហនុ កំពត និងខេត្តកែប ដើម្បីធានាស្ថិរភាពសន្តិសុខទឹកប្រកបដោយចីរភាព
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែរក្សាការពារប្រភពទឹកធម្មជាតិ និងការពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនប្រកបដោយចីរភាព និងប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹកនិងជំរុញការតភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹក និងជំរុញការតភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តទាំងបី ក្នុងគោលដៅធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។
កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើការដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត ការធានាឱ្យមានប្រភពធនធានទឹកគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ និងការបង្កើតប្រព័ន្ធស្តុកទឹកឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធទឹកឡើងវិញ គឺដើម្បីធានាការផ្គត់ផ្គង់ និងបង្កើតអាងស្តុកទឹកឱ្យបានគ្រប់គ្រាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកបទពិសោធន៍ និងគំរូពីបុរាណកាល នូវស្នាដៃដូនតាខ្មែរនៅតំបន់សៀមរាប-អង្គរ ដែលបានបន្សល់ទុកនូវប្រព័ន្ធបារាយណ៍ និងប្រព័ន្ធធារាសាស្ត្រដ៏មានតម្លៃ ដែលសុទ្ធសឹងជាគំរូនៃការរៀបចំប្រព័ន្ធទប់ទឹក និងស្តុកទឹកទុកយ៉ាងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុសកល ជាពិសេសបាតុភូត El Niño បង្កឱ្យមានការឡើងកម្ដៅនៅស្រទាប់ទឹកសមុទ្រប៉ាស៊ីហ្វិក និងបណ្ដាលឱ្យមានភាពរាំងស្ងួតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំណែកឯបាតុភូត La Niña វិញ ធ្វើឱ្យមានការចុះត្រជាក់ ដែលនាំឱ្យមានភ្លៀងធ្លាក់ច្រើន និងមានបរិមាណទឹកហូរលើសកម្រិត ដូច្នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកនាពេលនេះ គឺដើម្បីត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់នៃបាតុភូតទាំងពីរនេះ។ ទន្ទឹមនេះបញ្ហាប្រឈមខ្លាំងបំផុតគឺការរីងស្ងួតនៃទឹកបឹង និងស្រះនៅរដូវប្រាំង ដែលទាមទារឱ្យមានសកម្មភាពជាបន្ទាន់ក្នុងការជីកស្ដារស្រះ ប្រឡាយ និងការរុករកប្រភពទឹកថ្មីៗបន្ថែម ដើម្បីធានាថាប្រជាពលរដ្ឋមិនខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ទាក់ទិននឹងកិច្ចការនេះ ក្រុមការងារអន្តរក្រសួងបាននឹងកំពុងចុះសិក្សាស្រាវជ្រាវ និងបើកដ្ឋានជីកស្ដារប្រភពទឹក បឹង ស្រះ ព្រមទាំងរៀបចំប្រព័ន្ធតភ្ជាប់បណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបយ៉ាងសកម្ម។
សូមបញ្ជាក់ថា ផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត និងប្រព័ន្ធធារាសាស្ត្រនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខទឹក ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅឱ្យកាន់តែប្រសើរឡើងថែមទៀត៕










