ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យយុវជនទាំងអស់គ្នាចូលរួមកសាងសហសម័យកម្ពុជា និងមានភាពជឿជាក់លើខ្លួនឯង ដើម្បីកសាងខ្លួន គ្រួសារ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជប៉ុន សិង្ហបុរី អាល្លឺម៉ង់ និងឆែក ឆ្នាំ២០២៤ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលមានភាពអង់អាចក្លាហានក្នុងការចាកចេញពីប្រទេសកំណើតរបស់ខ្លួន ហើយបន្តដំណើរទៅស្វែងរកបទពិសោធន៍ចំណេះដឹង និងជំនាញបន្ថែមទៀតនៅក្រៅប្រទេស។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ទាំងនេះបង្ហាញឱ្យឃើញពីភាពចាស់ទុំ និងភាពម្ចាស់ការឯករាជ្យរបស់និស្សិតជ័យលាភីអាហារូបករណ៍ និងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវយកឱកាសនេះបន្តខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតសំរាប់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់យុវជនទាំងអស់ ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ទំនៀមទម្លាប់ និងមានភាពជឿជាក់លើខ្លួនឯង ហើយយកឱកាសនេះរៀនស្គាល់ពីគេ ស្គាល់អំពីប្រព័ន្ធនយោបាយរបស់ពិភពលោក និងចេះទាញយកប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួន និងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងត្រូវចេញទៅសិក្សានៅក្រៅប្រទេសនាឆ្នាំ២០២៤ មានចំនួនសរុប ៨៨នាក់ ក្នុងនោះនិស្សិតដែលនឹងត្រូវចេញទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនមាន ៣០នាក់ សាធារណរដ្ឋឆេកមាន ១៥នាក់ កម្មវិធី JDS នៅប្រទេសជប៉ុនមាន ២៥នាក់ ប្រទេសបារាំងមាន ៩នាក់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់មាន ២នាក់ សាកលវិទ្យាល័យសេអ៊ូលនៃសាធារណរដ្ឋកូរ៉េមាន ១នាក់ ព្រះរាជាណាចក្រថៃមាន ១នាក់ និងនិស្សិតអាហារូបករណ៍សាលាលីក្វាន់យូ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញមាន ៥នាក់៕