រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយសម្បទានក្នុងគោលដៅទាញប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញអំពីទិដ្ឋភាពរួមទាក់ទិននឹងគោលនយោបាយសម្បទានដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបង្កើនបន្ថែមនូវខឿនសេដ្ឋកិច្ចមូលដ្ឋាននិងគ្រួសារ។ ថ្លែងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គោលនយោបាយនេះ គឺជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញ និងគាំទ្រពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគោលដៅដើម្បីទាញប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ។ គោលនយោបាយសម្បទាននេះ មានន័យថាសម្បទានទាំងហិរញ្ញវត្ថុ ទាំងនយោបាយនិងភាពអនុគ្រោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការងារសម្បទានដែលត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយធនាគារពិភពលោកនេះ ត្រូវសម្រួចបន្ថែមទៀតនិងកំណត់ទិសដៅឱ្យបានជាក់លាក់ធ្វើយ៉ាងណាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងយ៉ាងពិតប្រាកដ ស្របតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់បាន។
ជាការឆ្លើយតប តំណាងក្រុមការងារធនាគារពិភពលោក បានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ ដែលបានបង្ហាញអំពីគោលនយោបាយសម្បទានជាក់លាក់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យចំទិសដៅនិងឆ្លើយតបតាមតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ។ តាមរយៈគម្រោង LASED ដែលបានអនុវត្តកន្លងមកក្រោមកិច្ចសហការរវាងធនាគារពិភពលោក និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយបានជួយដល់ប្រជាជនលើវិស័យជាច្រើនក្នុងនោះមាន ដីធ្លី កសិកម្ម ផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព និងសាលារៀន ជាដើម៕