ពិធីប្រគល់មេដាយនិងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី ៤ មករា ២០២៥
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែឆ្លាតវាងវៃមានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ជាពិសេសក្នុងអាណត្តិទី៧ នេះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតជាសំខាន់ទៅលើធនធានមនុស្ស ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវបំផុតសម្រាប់បន្តដឹកនាំប្រទេសជាតិតទៅអនាគត។ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេតែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
ថ្លែងក្នុងពិធីប្រគល់មេដាយនិងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សទាំងអស់នូវអ្វីដែលឯកឧត្តមហៅថាជាទេពកោសល្យនិងការខិតខំប្រឹងប្រែង ការរកឃើញនូវទេពកោសល្យរបស់ខ្លួន ដែលការប្រឡងប្រណាំងនេះបានធ្វើឱ្យសិស្សានុសិស្សទាំងអស់រកឃើញនូវអ្វីដែលជាភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួន និងបានចាត់ទុកសិស្សានុសិស្សទាំងអស់ថាជាក្តីសង្ឃឹមនៃអនាគតរបស់ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឪពុកម្ដាយអាណាព្យាបាលសិស្សដែលបានវិនិយោគលើការសិក្សារបស់កូនដើម្បីអនាគតគ្រួសារនិងប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នករៀបចំការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី ដោយបានចាត់ទុកថានេះជាកិច្ចការសំខាន់ដែលជំរុញឱ្យកម្ពុជាបានដើរទាន់ប្រទេសដទៃ ហើយអ្វីដែលសឹង្ហបុរីបានធ្វើនេះក៏ជាការវិនិយោគដើម្បីអនាគតរបស់ប្រទេសសិង្ហបុរីផងដែរពីព្រោះសឹង្ហបុរីមិនអាចលូតលាស់បានទេប្រសិនបើបណ្ដាប្រទេសក្នុងតំបន់អាស៊ានមិនលូតលាស់នោះ។
លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឆ្លើយតបនិងបានចូលរួមក្នុងបុព្វហេតុនេះ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី កសាងបុរីជនបទធ្វើយ៉ាងណាឱ្យគ្រប់តំបន់នៅទូទាំងប្រទេសកម្ពុជាមានទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាបានទៅដល់គ្រប់ទីកន្លែងទាំងអស់, លុបបំបាត់បញ្ហាគ្រឿងញៀននិងក្មេងទំនើង ដោយកសាងភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋនោះសន្តិភាពនឹងនៅជាមួយយើងទាំងអស់គ្នាជារៀងរហូត៕