សិក្ខាសាលាពិគ្រោះយោបល់ គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។
សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យពិគ្រោះយោបល់នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តសរុបចំនួន ១៥៥ ដើម្បីបម្រើឱ្យវិស័យសំណង់ ដែលក្នុងនោះរួមមាន៖
១. គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ លិខិតបទដ្ឋាន បទប្បញ្ញតិ្ត បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេស កំពុងដំណើរការរៀបចំមានចំនួន ៤០
២. លិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំរួច និងដាក់ជូនក្រុមការងារច្បាប់ដើម្បីពិនិត្យមានចំនួន ៥
៣. លិខិតបទដ្ឋានគតិយុត្តកំពុងឆ្លងក្រុមការងារអន្តរក្រសួងមានចំនួន ៣
៤. លិខិតបទដ្ឋានគតិយុត្តគ្រោងរៀបចំមានចំនួន ៤០
៥. លិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តរួចមានចំនួន ៦៧