ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ថាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់កសាងរដ្ឋបាលសាធារណៈទំនើប។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការឱ្យបើកកិច្ចប្រជុំផ្ទៃក្នុងនិងពិគ្រោះយោបល់ផ្ដល់គំនិតយុទ្ធសាស្ត្រ យុទ្ធវិធីបន្ថែមទៀតដើម្បីអនុវត្តលើកិច្ចការវិមជ្ឈការនិងវិសហមជ្ឈការ ដែលនេះក៏ជារឿងសំខាន់មួយដែលយើងត្រូវធ្វើផងដែរ ដោយផ្អែកលើការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ក្នុងនោះមានការកសាងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន លើកទឹកចិត្តដល់មន្ត្រី ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។
ទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសមាជិកអង្គប្រជុំត្រូវរួមគ្នាគិតគូរអំពីវិស័យសំណង់ និងរៀបចំដែនដី ផងដែរ។ ឯកឧត្តម បញ្ជាក់ថា ជោគជ័យរបស់ក្រសួងលើការកសាងលិខិតបទដ្ឋានគតិយុត្តនោះ គឺត្រូវមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិឬខេត្ត ដោយបង្រៀនអ្នកចូលរួមឱ្យចេះច្បាប់នោះទើបការអនុវត្តច្បាប់ទទួលបានជោគជ័យ។
ឯកឧត្តម បានលើកឡើងពីគោលការណ៍គ្រឹះក្នុងការដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបន្តនិរន្តរភាពការងារនិងធានាដំណើរការរបស់ស្ថាប័ន រក្សាស្មារតីនិងសតិអារម្មណ៍មន្រ្តីឱ្យបាននឹងនរ សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមយល់ឃើញថា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះអាចជោគជ័យបាន លុះត្រាតែរដ្ឋបាលថ្នាក់ក្រោមជាតិមានកម្រិតចំណេះដឹងស្មើគ្នា នោះទើបអាចមានការយល់ដឹងនិងរួមគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋបានល្អប្រសើរ។
បន្ទាប់ពីកិច្ចប្រជុំនេះរួច ឯកឧត្តម សាយ សំអាល់ នឹងបញ្ជូនលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងសំណង់ទៅកាន់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមអ្នកសាងសង់និងដៃគូផ្សេងៗទៀតផ្ដល់មតិយោបល់បន្ថែមដើម្បីឲ្យលិខិតបទដ្ឋានទាំងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ រួចនឹងបញ្ជូនបន្តទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័ត៕









