ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំស្ដីពីការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់សំដៅធ្វើឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព សុវត្ថិភាពនិងសោភណភាព
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វេីឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យកាន់តែមានគុណភាព មានសុវត្ថិភាព មានសោភណភាព ការពារបានកាន់តែប្រសេីរនូវសុខមាលភាពនិងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងមានបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម, ក្រសួងរ៉ែនិងថាមពល, គណៈវិស្វករកម្ពុជា, គណៈស្ថាបត្យករកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមអ្នកវិនិយោគ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះគឺធ្វើឡើងដើម្បីប្រមូលធាតុចូលពីសមាជិកអង្គប្រជុំក្នុងន័យពិគ្រោះយោបល់គ្នាថាតើការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់យើងស្ថិតក្នុងកម្រិតមួយដែលយើងមានការឯកភាពគ្នាឬយ៉ាងណាសម្រាប់អនុវត្តបានចំពោះស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំប្រឹងប្រែងគិតគូររៀបចំទាំងអស់នេះ គឺក្រសួងមានបំណងចង់ឱ្យវិស័យសំណង់ ក្លាយជាវិស័យមួយដែលមិនជាប់គាំងនិងមានដំណើរការប្រកបដោយស្ថិរភាពល្អសម្រាប់សង្គមជាតិកម្ពុជា, ជាកន្លែងមួយដែលមនុស្សអាចបញ្ចេញទេពកោសល្យ, ជាកន្លែងដែលមនុស្សមានភាពរីករាយក្នុងការបំពេញការងារ, និងធ្វើយ៉ាងណាឱ្យមនុស្សដែលធ្វើការក្នុងវិស័យសំណង់ដូចជាកម្មករសំណង់ជាដើម មានជីវភាពល្អប្រសើរនិងមានក្តីសង្ឃឹមក្នុងជីវិត៕









