ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព
(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាស្តីពីនិរន្តរភាពនៃសំណង់តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ និងជាឱកាសដល់សិក្ខាកាមជាសិស្ស និស្សិតបានក្រេបយកចំណេះដឹងពីវាគ្មិន ដែលជាមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏ជាចន្លុះបំភ្លឺផ្លូវសំរាប់យើងទាំងអស់គ្នា ដើម្បីដើរទៅរកការឯកភាពរួមគ្នាមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច មានប្រជាជនតិច ដូច្នេះរាល់ជំហានដែលត្រូវដើរគឺត្រូវតែជាជំហានដែលត្រឹមត្រូវ និងមិនអាចថយក្រោយឡើយ។
ជាមួយនេះ ឯកឧត្តម បានថ្លែងអំណរគុណដល់មន្ទីរពិសោធន៍ជាតិសំណង់ និងដៃគូសហការទាំងអស់ ជាពិសេសក្រុមហ៊ុនDAIKIN Cambodia ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុន ដែលតែងតែបានធ្វើកិច្ចសហប្រតិបត្តិការជិតស្និតជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយឯកឧត្តម ចាត់ទុកថាទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជាគឺជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងដំណើរដ៏វែងឆ្ងាយ ពីព្រោះជប៉ុនគឺជាតួអង្គយុទ្ធសាស្ត្រក្នុងការស្វែងរកសន្តិភាពឡើងវិញសំរាប់កម្ពុជា និងជាដៃគូ “ស្មាកៀកស្មា” ក្នុងការជួយដល់កម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ។
តាមរយៈសិក្ខាសាលានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមការគិតគូរដំណើររបស់កម្ពុជាជារួម និងដាក់ចេញនូវគំនិតត្រិះរិះពិចារណាដើម្បីបានការឯកភាពស្រុះស្រួលគ្នា លើកកម្ពស់ការយល់ដឹងពីមុខរបរ និងជំនាញលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របពេលជាមួយការគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ប្រកបដោយនិរន្តរភាពក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឳ្យទៅជាទ្រនំសុភមង្គល និងភូមិឋានក្សេមក្សាន្តសំរាប់ទាំងអស់គ្នា៕









