ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស និងបើកទំព័រថ្មីសំរាប់កម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសំរាប់កម្ពុជា។
ថ្លែងក្នុងពិធីជួបជុំសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន នៅវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងក្របខណ្ឌសាលារៀន ក្រសួងបានជ្រើសរើសវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោងនេះ ដែលជាសហគមន៍ប្រមូលផ្តុំទាំងមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ធ្វើជាសាលាគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈានទៅរៀបចំនៅតាមបណ្តាសាលារៀនដទៃទៀត ដើម្បីចូលរួមកសាងរៀបចំឱ្យបានត្រឹមត្រូវនូវថ្នាលបណ្តុះបណ្តាលមួយមានលក្ខណៈស្តង់ដា មានភាពវាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព។
ជាមួយគ្នានេះ ឯកឧត្តម មើលឃើញថា វិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង មានទីធ្លាធំទូលំទូលាយ ដូច្នេះឯកឧត្តមបានណែនាំដល់វិទ្យាល័យនេះឱ្យសាកល្បងប្រើប្រាស់ស្ថាបត្យកម្ម និងការរៀបចំសាលារៀនជាថ្មីតាមការចង្អុរបង្ហាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត និងបរិយាកាសសិក្សាឱ្យកាន់តែល្អប្រសើរ ដោយមានការសិក្សាប្លង់បរិវេណសាលារៀន ការកសាងផ្លូវបេតុង បំពាក់អំពូលសូឡា និងដាំដើមឈើ កាត់តម្រឹមដើមឈើដែលមានស្រាប់ រក្សាម្លប់និងខ្យល់ចេញចូលឱ្យបានគ្រប់គ្រាន់ ដាំដើមឈើហូបផ្លែ រៀបចំសួនច្បារ កន្លែងចតរថយន្ត និងម៉ូតូឱ្យមានរបៀបរៀបរយ កសាងផ្លូវបេតុងដើរឆ្លងកាត់ពីអគារមួយទៅអគារមួយ រៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកែច្នៃធ្វើជាជីកំប៉ុស រៀបចំកន្លែងទទួលទានអាហារឱ្យមានរបៀបរៀបរយ កសាងផ្លូវដើរក្នុងបរិវេណសាលា រៀបចំកន្លែងលេងកីឡា ពោលគឺធ្វើយ៉ាងណាកែច្នៃឱ្យសាលារៀននេះ ក្លាយជាសាលារៀនគំរូដែលបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យយល់ដឹងអំពីបំណិនជីវិត ចេះដោះស្រាយបញ្ហាប្រឈមក្នុងជីវិត និងចេះរៀនរស់ដោយខ្លួនឯង ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ៕









