គ្មានពេលវេលាណាដែលខ្មែររួបរួមសាមគ្គីភាព មានការឯកភាពជាតិគ្រប់ស្រទាប់វណ្ណៈដូចពេលនេះ ហើយក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងជួបប្រទះ ក៏ជាពេលវេលាល្អសម្រាប់យើងក្នុងការរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ កសាងខឿនសេដ្ឋកិច្ចជាតិឱ្យរឹងមាំ។ ដោយឡែក ក្នុងក្របខណ្ឌខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរ និងគណបក្សមូលដ្ឋាន ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់លើការរៀបចំក្រុង ការងារលំនៅឋាន សំណង់អគារចាស់ សំណង់មិនរៀបរយ កំពង់ផែ រៀបចំឆ្នេរ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចាំបាច់ កសាងធនធានមនុស្សដោយពង្រឹងគ្រឹះស្ថានសិក្សា និងមតេយ្យសិក្សា ពង្រឹងការបម្រើសេវាសាធារណៈ និងគាំទ្រនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត ពិសេសគិតគូរដល់បងប្អូនពលករចំណាកស្រុកដែលបានវិលមកមាតុប្រទេសវិញ។
លោក សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ខេត្តព្រះសីហនុ។
៨ សីហា ២០២៥









