ក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានី-ខេត្ត ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផល ការងារ ដែលបានអនុវត្តក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥
លើក្បាលដីសរុបក្បាលដីចំនួន ជិត ៩លានក្បាល និង ក្បាលដីមិនទាន់វាស់វែង សរុបចំនួន ១១ម៉ឺនក្បាលដី មកដល់ ចំណុចមួយ ដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹង ឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជារបត់មួយក្រោយរយៈពេល ៤០ឆ្នាំ ដែលយើងបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុលើកទីមួយនាឆ្នាំ ១៩៨៩ រហូតដល់ឆ្នាំ ២០២៩ យើងនឹងប្រារព្ធខួបលើកទី ៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ។
តាមរយៈយន្តការដោះស្រាយបញ្ចប់វិវាទដីធ្លី ករណីបណ្តឹង វិវាទដីធ្លីដែលមានសរុបចំនួន ៣,៥៤៩ករណី ក្នុងឆ្នាំ២០២៣ ត្រូវបានពិនិត្យ និងដោះស្រាយនៅសល់ត្រឹម ៣៨៥ករណី ប៉ុណ្ណោះ ហើយនឹងបន្តដោះស្រាយបើទោះជាមានការប្រឈម នឹងស្ថានភាពនៃការឈ្លានពានពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី។ លទ្ធផលនៃការចុះបញ្ជីដីធ្លី បង្ហើយ នេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា មិនមែន សម្រាប់តែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់នោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូស បញ្ជាក់ថា ការដោះស្រាយបញ្ចប់វិវាទដីធ្លី និងការចុះបញ្ជីដីធ្លី បង្ហើយគឺជាវិធានមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវនិងកែសម្រួល រួមនិងយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត។ ដោយឡែកចំពោះ ប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីរាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជន អោយបានល្អ មានលំហសាធារណៈនិងមានសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ដោយប្រែក្លាយទីក្រុងនិងទីប្រជុំជន នៅតាម បណ្ដាខេត្តនានាទូទាំងប្រទេសឲ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ ប្រមុខរាជរដ្ឋាភិបាល។
សមាជិកកិច្ចប្រជុំទាំងអស់ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ការងារក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះ ហើយបានប្តេជ្ញា ចូលរួមជំរុញការចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ និងឈាន ទៅបញ្ចប់ការចុះបញ្ជីនាពេលខាងមុខ។
កិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ
១៤ សីហា ២០២៥









