ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរស្វែងយល់បន្ថែមអំពីបញ្ហារៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ និងបញ្ជៀសការកកស្ទះនាពេលខាងមុខ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាការជួបជុំគ្នានាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញអំពីបញ្ហានានាជុំវិញការរៀបចំទីក្រុងដែលនៅមានសេសសល់ច្រើន គួរគិតគួរយកចិត្តទុកដាក់ស្វែងយល់រកដំណោះស្រាយ ឱ្យមានរបៀបរៀបរយ និងបញ្ជៀសការកកស្ទះនាពេលខាងមុខ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការសិក្សាពីបញ្ហាសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញអំពីបញ្ហានានាជុំវិញការរៀបចំទីក្រុងដែលនៅមានសេសសល់ច្រើន ហើយនេះមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះគ្រប់គ្នាត្រូវត្រៀមខ្លួនជានិច្ចនិងយកចិត្តទុកដាក់រៀបចំយុទ្ធសាស្ត្រនានាឱ្យបានល្អដើម្បីឆ្លើយតបទៅនឹងការរៀបចំរាជធានីភ្នំពេញឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍នាពេលខាងមុខ ក្នុងនោះមានការរៀបចំសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយ ការដោះស្រាយបញ្ហាសំណង់នៅលើចិញ្ចើមផ្លូវរឺដងផ្លូវដែលអាចបង្កការកកស្ទះ រៀបចំរង្វង់មូលចរាចរណ៍ បំពាក់ភ្លើងស្តុបចរាចរណ៍បន្ថែម ធ្វើយ៉ាងណាធានាបាននូវការធ្វើចរាចរណ៍ដោយរលូននៅលើដងផ្លូវ ធានាបាននូវសុខភាពផ្លូវកាយផ្លូវចិត្តរបស់អ្នកធ្វើដំណើរតាមដងផ្លូវនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការសិក្សាអំពីបញ្ហាសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ គឺជាបញ្ហាសំខាន់មួយក្នុងគោលបំណងដើម្បីប្រមូលបានព័ត៌មានទាក់ទិនទៅនឹងសណ្ដាប់ធ្នាប់ក្នុងទីក្រុងនិងដើម្បីឱ្យក្រុមការងារបានយល់ច្បាស់ពីអ្វីទៅដែលហៅថាការរៀបចំសណ្ដាប់ធ្នាប់ក្នុងទីក្រុង ហើយត្រូវផ្ដោតការយកចិត្តទុកដាក់ស្វែងយល់បន្ថែមលើបញ្ហានេះ និងត្រូវរួមគ្នាដោះស្រាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចការទាំងអស់នេះគឺសំដៅទៅលើការរៀបចំក្រុងនាពេលអនាគត ដូច្នេះយើងត្រូវកំណត់ចំណុចគោលនានាដែលត្រូវដោះស្រាយក្នុងគោលនយោបាយរៀបចំក្រុង។
តាមរយៈកិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងស្រង់ និងវាយតម្លៃបញ្ហាប្រឈម នៅតាមបណ្តាទីប្រជុំជននៅរាជធានីភ្នំពេញ ក្នុងនោះក្រុមការងារបានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួនដូចជា៖
១. សំណង់អគារចាស់ទ្រុឌទ្រោម
២. សំណង់មិនរៀបរយ ដោយមានការតាំងទីលំនៅលើប្រឡាយទឹកកខ្វក់ លើចិញ្ចើមផ្លូវ លើចិញ្ចើមផ្លូវរថភ្លើង តាមបណ្តោយច្រាំងទន្លេ និងលើអគារសហកម្មសិទ្ធ
៣. បញ្ហាដែលប៉ះពាល់ដល់សោភ័ណភាពនិងសុវត្ថិភាព៖ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្ថានីយ៍និងមណ្ឌលសន្និធិប្រេងឥន្ធនៈ និងឧស្ម័ន ប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងអ៊ិនធឺណែត អាជីវកម្មមិនរៀបរយ និងតំបន់បណ្តុំអាជីវកម្មចម្រុះ បញ្ហាសំរាម និងបញ្ហាលូ និងប្រឡាយទឹកកខ្វក់
៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៖ ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ប្រព័ន្ធបណ្តាញផ្លូវចរាចរណ៍ លំហសាធារណៈ និងចំណតរថយន្តនិងរថយន្តក្រុង
និង៥. បញ្ហាទឹកជន់លិច។
រាល់គម្រោងនានាដែលទទួលបានក្នុងកិច្ចប្រជុំនេះឯកឧត្តម សាយ សំអាល់ នឹងយកទៅពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីអនុវត្តបន្តទៀត៕








